(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកឡើងថា អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់មានតួនាទីសំខាន់ក្នុងការជួយបញ្ជូនសារក៏ដូចជាការអប់រំនានាជូនដល់សាធារណជនដើម្បីអោយជៀសផុតពីការប្រើប្រាស់ ការសេពគ្រឿងញៀន និងការជួញដូរគ្រឿងញៀន ហើយចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃបញ្ហាគ្រឿងញៀន។

ការលើកឡើងរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «តួនាទីអ្នកសារព័ត៌មានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន» រៀបចំដោយក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងព័ត៌មាន សហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

សិក្ខាសាលាដែលបានធ្វើឡើងនាឱកាសនេះក្នុងគោលបំណងបង្កើនការយល់ដឹងដល់អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី ផលិតករ អ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មាន បានយល់ដឹងពីបញ្ហាគ្រឿងញៀន ចូលរួមផ្សព្វផ្សាយ ចែករំលែកនូវសារអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាការចូលរួមចំណែកនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់ដំណើរការអង្គសិក្ខា សាលារយៈពេលកន្លះថ្ងៃនេះ គឺមានអ្នកជំនាញមកពីអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង ធ្វើបទបង្ហាញលើប្រធានបទ ការយល់ដឹងអំពីបញ្ហាគ្រឿងញៀន និងការផ្សព្វផ្សាយអប់រំ, យន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា អ្នកសារព័ត៌មានដែលបានសរសេរអត្ថបទ ផលិតបទយកការ ពិធីករ ពិធីការិនី ដែលធ្វើអត្ថាធិប្បាយទាក់ទងបញ្ហានាំអោយគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន គឺជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមពង្រឹងនូវចំណេះដឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ហើយក៏ជាការរំលឹកជាប្រចាំតាមរយៈសារនិយាយពីផលប៉ះពាល់ដែលកើតចេញពីគ្រឿងញៀន។ បញ្ហាគ្រឿងញៀនជាបញ្ហាសកល មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ គឺបណ្តាប្រទេសនានាលើពិភពលោកបានប្រឈមលើបញ្ហានេះផងដែរ,បញ្ហាគ្រឿងញៀនមិនមែនជារឿងដោយ ឡែករបស់ប្រទេសណាមួយនោះទេ ប៉ុន្តែជារឿងរួមសម្រាប់បណ្តាប្រទេសទាំងអស់ ហើយក៏មិនមែនជារឿងកើតឡើងដោយឯងៗនោះទេ គឺមានអង្គការចាត់តាំងច្បាស់លាស់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ដូច្នេះហើយការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមិនមែនតែរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាចធ្វើបានជោគជ័យនោះទេ ចាំបាច់ណាស់ត្រូវការកិច្ចសហការជាមួយគ្រប់ដៃគូរពាក់ពន្ធ័ទាំងអស់ ហើយក្នុងថ្ងៃនេះ គឺទទួលបានការចូលរួមបន្ថែមទៀតពីអ្នកសារព័ត៌មាន ពិធីករ ពិធីការិនី ផលិតករ អ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មាន ដែលបានតាំងចិត្តរួមគ្នាជាមួយរាជរដ្ឋាភិបាល ទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកំណត់យកវិធានការអប់រំផ្សព្វផ្សាយជាវិធានការចម្បងសំដៅទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ក្នុងចំណោមពលរដ្ឋមួយចំនួននៅកម្ពុជា កសាងសង្គមកម្ពុជាមួយដែលគ្មានគ្រឿងញៀន ហើយដែលចាំបាច់ត្រូវការចូលរួមរបស់គ្រប់ភាគីទាំងអស់។ ដូច្នេះហើយ កិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន គឺជារឿងចាំបាច់ដែលត្រូវតែធ្វើជាប់ជាប្រចាំ ដើម្បីប្រឹងប្រែងផ្សព្វផ្សាយអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»

នៅក្នុងឱកាសនៃអង្គសិក្ខាសាលានេះដែរ, ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងសាធារណជនទូទៅបន្តចូលរួមប្រើប្រាស់ APP NoDrug ទាំងអស់គ្នាព្រមទាំងជួយផ្សព្វផ្សាយដល់សមាជិកគ្រួសារ មិត្តភ័ក្តិឱ្យប្រើប្រាស់ទាំងអស់គ្នា ដែលរហូតមកដល់ពេលនេះ មានអ្នក ចូលរួមដោនឡូត App (No Drug) ជាកម្មវិធីទូរស័ព្ទ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានចំនួនជាង ៤មុឺននាក់ ហើយតាមរយៈកម្មវិធីនេះគឺបានធ្វើឱ្យសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ ហើយជាងនេះទៀត គឺដើម្បីឱ្យពួកគាត់បានយល់ដឹង និងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។

ជាមួយនេះដែរ លោក ជា ចន្ទ័បរិបូរណ៍ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំក្រសួងព័ត៌មាន បានបទបង្ហាញពីសមិតសមិទ្ធិកម្ម ៣+១ គឺ១៖ គ្រឿងញៀន និងគ្រឿងស្រវឹង, ២៖ គ្រោះថ្នាក់ចរាចរណ៍, ៣៖ ក្មេងទំនើង + ១ ជួញដូរមនុស្ស៕