(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី១ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ លើការអនុវត្តទម្រង់ព័ត៌មានវាយតម្លៃបឋមភាពជាជនរងគ្រោះដោយអំពើជួញដូរមនុស្សសម្រាប់ជនបរទេសដែលបានស្នើសុំកិច្ចអន្តរាគមន៍ រយៈពេល ០២ខែ នៅសាលប្រជុំនៃនាយកដ្ឋានអង្គរក្ស។

កិច្ចប្រជុំនេះមានសមាសភាពចូលរួមពីប្រធាន-អនុប្រធាននាយកដ្ឋានចំនួន៥ចំណុះនាយកដ្ឋានកណ្តាលសន្តិសុខ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួមទាំងស្នងការ-ស្នងការរង នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន ៤៥រូប។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ បានថ្លែងថា ការអនុវត្តលើការបំពេញទម្រង់ព័ត៌មានវាយតម្លៃបឋមភាពជាជនរងគ្រោះដោយអំពើជួញដូរមនុស្សសម្រាប់ជនបរទេសនេះ ជាការងារចម្បងដែលអគ្គស្នងការដ្ឋាន នគរបាលជាតិ បាន និងកំពុងយកចិត្តដាក់ បង្ការ និងទប់ស្កាត់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដែលនេះជាបញ្ហាប្រឈមជាសកល ដែលគ្រប់បណ្តាប្រទេសទាំងអស់ ត្រូវរួមគ្នាដោះស្រាយ។

ជារួម អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញអំពីឆន្ទៈ​មោះមុត​ ក្នុងការបង្ក្រាប​ការ​ជួញដូរ​មនុស្ស​ឱ្យ​ដល់​ឫសគល់ ដើម្បី​ស្ដារ​កិត្តិយស​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ឡើងវិញ៕