(កំពង់ធំ)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក លី ណារុន រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់គោលការណ៍៨ចំណុចដល់មន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដើម្បីឱ្យអនុវត្តបន្តក្នុងឆ្នាំ២០២៥។

ពិធីនេះមានការចូលរួមពី លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត លោកស្រី ស៊ឹម សុវណ្ណរិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរក្រុងស្រុក អង្គភាពពាក់ព័ន្ធ អង្គការដៃគូរជាច្រើន។

នាឱកាសនោះដែរ លោកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់លោករដ្ឋមន្ត្រី ឆាយ ឬទ្ធិសែន ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ និងសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៃមន្ទីរ ដែលបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ច រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនរួមចំណែកធ្វើឱ្យខេត្តកំពង់ធំ មានការប្រែប្រួលមុខមាត់ជាចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោក លី ណារុន បានដាក់គោលការណ៍៨ចំណុចដ ល់មន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដើម្បីអនុវត្តបន្តក្នុងឆ្នាំ២០២៥ ដូចខាងក្រោម៖

ទី១៖ សូមឯកភាពលើរបាយការណ៍លទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ

ទី២៖ ត្រូវស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅអំពីកម្មវិធីទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ក្នុងនេះ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលមានយុទ្ធសាស្ត្របញ្ចកោណឌំណាក់កាលទី១

ទី៣៖ ខិតខំពង្រឹងសមត្ថភាពឲ្យកាន់តែយល់ច្បាស់ និងស៊ីជម្រៅអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ ផែនការយុទ្ធសាស្ត្រថវិកា ២០២៥-២០២៧ ផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ២០២៥ លក្ខណវិនិច្ឆ័យ នីតិវិធីនៃការជ្រើសរើសភូមិគំរូ និងដំណើរការនៃការធ្វើបរិវត្តន៍កម្មឌីជីថលក្នុងវិស័យអភិវឌ្ឍន៍ជនបទ

ទី៤៖ ស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ យកចិត្តដាក់បន្តផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ទី៥៖ បន្តកិច្ចសហការល្អជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការរួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់

ទី៦៖ បន្តចុះពិនិត្យការអនុវត្តគម្រោងដៃគូឱ្យបានជាប់ជាប្រចាំ និងការត្រួតពិនិត្យគុណភាពសំណង់

ទី៧៖ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ និងណែនាំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកៅស៊ូ កុំឱ្យលប់លូបង្ហូរទឹក និងលើកដីភូមិខ្ពស់ជាងផ្លូវ ដោយពុំមានការដាក់លូដើម្បីរំដោះទឹក

និងទី៨៖ បង្កើនការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អបន្តកសាង និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត។

តាមការបញ្ជាក់ពីលោក តាន់ វាសនា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំស្តីទី បានឱ្យដឹងថា មន្ទីរបានអនុវត្តន៍យុទ្ធសាស្ត្រ៤ របស់ក្រសួងដូចជា៖

ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្មដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល គឺការពង្រឹងគុណភាព ៧០% និងពង្រីកបន្ថែម ៣០% ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់

ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈការអប់រំផ្នត់គំនិត ដើម្បីប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព

ទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើតប្រាក់ចំណូលបន្ថែមក្រៅពីមុខរបរ កសិកម្ម និងកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាពសម្បូរសប្បាយ។ បន្ថែមពីនេះ ក្រសួងបានផ្តោតទៅលើការបង្កើត ភូមិគំរូដោយផ្នែកនៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិកម្មនៅតាមសហគមន៍ជនបទ និងជាពិសេសសហគមន៍ជន ជាតិដើមភាគតិច

ទី៤៖ ពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសអនុវត្តន៍តាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងគោលបំណងបម្រើ ប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់៕