(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង នៅទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ និងបានផ្តាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រកុំភ្លេចខ្លួន ប្រឹងប្រែងក្រេបយកចំណេះវិជ្ជា គឺត្រូវស្ដាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូដែលខិតខំអប់រំបង្ហាត់បង្ហាញ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា យុវវ័យ គឺជាវ័យស្វែងរកចំណេះវិជ្ជា ដូចនេះក្មួយៗ មិនត្រូវ គេចសាលា ឬទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗនោះឡើយ ដូចជាការសេពគ្រឿងញៀន បងតូចបងធំ ល្បែងស៊ីសង ភ្លេចការរៀនសូត្រ។ ការសេពគ្រឿងញៀន ការចូលរួមក្នុងក្រុមបងតូចបងធំ គឺគ្មានទទួលបានផលប្រយោជន៍អ្វីឡើយ គឺមានតែ ធ្វើឱ្យខាតបង់ពេលវេលា ប្រាក់កាស សុខភាព និងកិត្តិយស ដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិថែមទៀតផង។
លោក សុខ សម្បត្តិ បានលើកឡើងថា មានមុំ៣ ដែលធ្វើឱ្យការសិក្សាទទួលបានជោគជ័យ ទី១ គឺខ្លួនឯង ទី២ គឺគ្រូ និងទី៣ គឺអាណាព្យាបាល។ ដូចនេះសំណូមពរដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ សូមចូលរួមទាំងអស់គ្នារឹតបន្តឹងទាំងការបង្រៀន និងការរៀន ការគោរពវិន័យសាលា ធ្វើយ៉ាងណាឱ្យសិស្សានុសិស្សទាំងអស់ខំប្រឹងរៀនសូត្រ មានចំណេះដឹង ពិតប្រាកដក្លាយជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគត។
ដោយឡែកសម្រាប់មាតា បិតា អាណាព្យាបាលសិស្ស ក៏ត្រូវរួមចំណែកក្នុងការតាមដានកូនចៅរបស់ខ្លួនឱ្យបានជាប់លាប់ ដើម្បីតម្រង់ទិសឱ្យពួកគេដើរលើផ្លូវត្រូវ ទើបសម្រេច បានជោគជ័យក្នុងការសិក្សា។ ក្នុងឱកាសនោះលោកអភិបាលខណ្ឌ បាននាំយកថវិកា របស់សាលាខណ្ឌ ចំនួន១លានរៀន ឧបត្ថម្ភដល់វិទ្យាល័យទួលស្វាយព្រៃផងដែរ។
សូមជម្រាបជូនថា នៅកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤–២០២៥នេះ គណៈអភិបាលខណ្ឌ និងក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានចាត់តំណាង ទៅចូលរួមតាមគ្រឹស្ថានសិក្សាសាធារណៈ របស់រដ្ឋទាំង១១ ដែលមាននៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដើម្បីជាការផ្សារភ្ជាប់រវាង អាជ្ញាធរ និងសាលារៀន ក៏ដូចជាការលើកទឹកចិត្ត និងស្វែងយល់ពីសុខទុក្ខរបស់ក្មួយៗសិស្សានុសិស្សនៅតាមសាលានីមួយៗផងដែរ៕