(កំពង់ចាម)៖ ព្រះចិត្តវិមុត្តិ សេខ ឧត្តមបញ្ញា ព្រះចៅអធិការវត្តសុទស្សនារាម ហៅវត្តជ្រោយថ្ម ស្ថិតនៅក្រុងកំពង់ចាម បានចម្រើនពរអំពាវនាវដល់ថ្នាក់ដឹកនាំ ពុទ្ធបរិស័ទ ក៏ដូចជាសប្បុរសជនបន្តចូលរួមសទ្ធាជ្រះថ្លាកសាងព្រះវិហារថ្មី ជំនួសព្រះវិហារចាស់ដែលទ្រុឌទ្រោមខ្លាំង ព្រោះខូចខាតរចនាសម្ពន្ធគ្រឹះសឹងអស់ទៅហើយ។

ព្រះចៅអធិការ សេខ ឧត្តមបញ្ញា មានព្រះថេរដីកាបន្តថា ព្រះវិហារចាស់ក្នុងវត្តជ្រោយថ្មនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៤១មកម្ល៉េះ ប៉ុន្តែនៅសម័យប៉ុលពត ពួកខ្មែរក្រហមបានប្រើប្រាស់ព្រះវិហារនេះជាឃ្លាំងដាក់អំបិល ម្ល៉ោះហើយក៏ធ្វើឱ្យផ្នែកគ្រឹះព្រះវិហារងការរខូចខាត ពុកផុយដែក ស៉ីម៉ង់ ឥដ្ឋជាដើម។ ដល់មកសម័យតេជោសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានមានសទ្ធាជ្រះថ្លាប្រគេនបច្ច័យសម្រាប់ជួយជួសជុលព្រះវិហារចាស់នេះ និងអាចប្រើប្រាស់បន្តបានជាច្រើនឆ្នាំមកទៀត ប៉ុន្តែយ៉ាងណាក្រោយមកក៏នៅតែមិនរងនូវការទ្រុឌទ្រោមទៀត ម្ល៉ោះហើយព្រះសង្ឃ គណៈកម្មការវត្តក៏បានធ្វើសំណើទៅកាន់មន្ទីរនិងក្រសួងធម្មការនិងសាសនា ដើម្បីវាយព្រះវិហារចាស់ដែលទ្រុឌទ្រោមខ្លាំងទៅហើយនោះចេញ ដើម្បីត្រៀមកសាងព្រះវិហារថ្មីជំនួស ព្រោះព្រះវិហារចាស់ ជួសជុលក៏ជួសជុលអត់បានដែរ។

ព្រះចៅអធិការ សេខ ឧត្តមបញ្ញា មានព្រះថេរដីកាបន្តទៀតថា ដោយឃើញនូវតម្រូវការបែបនេះហើយ ទើបលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ញូង ចរិយ៉ា អ៊ុនចាន់ដា និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម ព្រមទាំងពុទ្ធបរិស័ទ ដង្ហែអង្គកឋិនទានមហាសាមគ្គីមកកាន់វត្តសុទស្សនារាមនេះ ព្រមទាំងបានចូលរួមសទ្ធាជ្រះថ្លាប្រគេនបច្ច័យសរុបជាង៧ម៉ឺនដុល្លារ ដើម្បីកសាងព្រះវិហារថ្មី ក៏ដូចជាកសាងសមិទ្ធផលផ្សេងៗទៀតក្នុងវត្តជ្រោយថ្មនេះ។

បានចម្រើនពរថ្លែងអំណរគុណចំពោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ញូង ចរិយ៉ា អ៊ុនចាន់ដា និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម ព្រមទាំងពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាដង្ហែអង្គកឋិនទាននាឱកាសនេះ។

ព្រះចៅអធិការ សេខ ឧត្តមបញ្ញា ក៏បានចម្រើនពរអំពាវនាវដល់ថ្នាក់ដឹកនាំ ពុទ្ធបរិស័ទ ក៏ដូចជាសប្បុរសជនបន្តចូលរួមសទ្ធាជ្រះថ្លាកសាងព្រះវិហារថ្មី សូមបន្តចូលរួមក្នុងការកសាងព្រះវិហារថ្មីនេះបន្ថែមទៀត ដោយជាងកសាងគេគិតថ្លៃក្នុង១ការ៉េ តម្លៃ៣៨០ដុល្លារ៕