(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចាត់អោយក្រុមការងារសាខាដឹកនាំដោយលោក ងី សែត អនុប្រធានគណៈកម្មាធិការសាខា និងសហការី រួមជាមួយលោក លាង វាសនា អភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខា បានចុះទៅដល់ផ្ទះយុវសិស្សម្នាក់ឈ្មោះយុវសិស្ស គ្រុឌ សុវណ្ណារ៉ា ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានបងប្អូនចំនួន៣នាក់ គ្រួសារមានជីវភាពខ្វះខាត ខណៈឪពុកមានជំងឺប្រចាំកាយ ឯម្តាយជាកម្មករតស៊ូរកប្រាក់ចិញ្ចឹមគ្រួសារ និងកូនៗឱ្យបានរៀនសូត្រគ្រប់ៗគ្នា។

អ្វីដែលគួរឱ្យសរសើរ គឺកូនៗមានកតញ្ញូចំពោះឪពុកម្ដាយ និងតស៊ូប្រឹងប្រែងរៀនសូត្រ ជាក់ស្ដែងកូនច្បងរូបនេះបានខិតខំរៀនរហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A។

ក្នុងឱកាសនោះ លោក ងី សែត បានពាំនាំប្រសាសន៍របស់លោក សុខ លូ ជាពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងកោតសរសើរចំពោះយុវសិស្ស គ្រុឌ សុវណ្ណារ៉ា ទោះបីជាមានជីវភាពក្រីក្រក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ បូកផ្សំជាមួយនឹងការជំរុញបន្ថែមពីលោកគ្រូ អ្នកគ្រូ និងមានការលើកទឹកចិត្តពីសំណាក់ឪពុកម្តាយ ហូតប្រឡងបាននិទ្ទេស A។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្សគឺធនធានមនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។

អំណោយមនុស្សធម៌ជូនគ្រួសារក្មួយប្រុសរួមមាន៖ អង្ករ ១០០គីឡូក្រាមច, មី ២កេស ទឹកស៊ីអ៉ីវ ២យួរ, ត្រីខ ២០
កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ថវិកាចំនួន៤០ម៉ឺនរៀល និងសម្រេចធ្វើផ្ទះថ្មី១ខ្នងផ្តល់ជូនគ្រួសារក្មួយគ្រុឌសុវណ្ណារ៉ាផងដែរ៕