(កណ្ដាល)៖ អគារសិក្សាកម្ពស់៣ជាន់ មាន១៨បន្ទប់ និងសមិទ្ធផលនានា នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ តាមរយៈលោក ភឺន ផល្លា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកស្រី ត្រូវបានបើកឲ្យសម្ពោធយ៉ាងឱឡារឹក ក្រោមវត្តមានអបអរសាទរជាពន្លឹកពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការគ្រប់ជាន់ថ្នាក់។

ស្ថិតនៅក្នុងពិធីសម្ពោធនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដាក់ក្ដីសង្ឃឹមថា សាលានេះនឹងបង្កើតឲ្យមានសិស្សពូកែ សិស្សខ្លាំងៗឲ្យបានច្រើន ដើម្បីប្រកួតជាលក្ខណៈអន្តរជាតិ ប្រកួតក្របខ័ណ្ឌអាស៊ាន លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ ដើម្បីបានធនធានមនុស្សល្អ មិនមែនប្រើពេលផលិតមនុស្សមួយភ្លេតនោះទេ ពោលការដាំមនុស្ស គឺប្រើរយៈពេលយូរឆ្នាំ ដូច្នេះសូមពង្រឹងពីក្រោមទៅ ដើម្បីបណ្ដុះធនធានមនុស្សយើងឲ្យក្លាយជាមនុស្ស មានសមត្ថភាពខ្ពស់ ជួយកសាងប្រទេសជាតិយើងឲ្យរុងរឿង រីកចម្រើនឡើង។

អភិបាលខេត្តបានកោតសរសើរលោក ភឺន ផល្លា ដែលបានជួយឧបត្ថម្ភសាងសង់នូវអគារសាលា និងសម្ភារសិក្សាមួយចំនួន ហើយលោកអភិបាលខេត្តបានស្នើដល់លោក ភឺន ផល្លា បន្តជួយកសាងសាលារៀនបន្តទៀត ដើម្បីឱ្យសាលាមានលទ្ធភាព គ្រប់គ្រាន់ក្នុងការអប់រំកូនចៅយើងនៅឃុំពើក និងទូទាំងស្រុកអង្គស្នួល។ បន្ថែមលើសនេះសាលាជាមជ្ឈមណ្ឌល សម្រាប់បណ្ដុះបណ្ដាលមនុស្សអោយមានចំណេះដឹងប្រកបដោយសមត្ថភាព ដើម្បីការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងបន្តទៀត។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានជំរុញលើកទឹកចិត្តឲ្យសិស្សានុសិស្ស ខិតខំរៀនសូត្រអោយក្លាយជាសិស្សឆ្នើម ជាសិស្សគម្រូ ដើម្បីឈានយកជ័យលាភីជូនសាលា និងក្រុមគ្រួសាររបស់យើង ចៀសឆ្ងាយពីគ្រឿងញៀន ចៀសឲ្យឆ្ងាយពីបងតូចបងធំ សិស្សពូកែមានរង្វាន់ តែបងតូចបងធំមានទោសទាន់ ត្រូវចេះគ្រប់គ្រងទុកដាក់សំរាមអោយបានត្រឹមត្រូវ ធ្វើឱ្យសាលាគ្មានសំរាម ដោយត្រូវចាត់ទុកថា គ្រូម្នាក់ សិស្សម្នាក់ គឺជាធុងសំរាមមួយ ត្រូវមានអនាម័យបរិស្ថានល្អជានិច្ចនៅក្នុងសាលា និងត្រូវប្រុងប្រយ័ត្នពេលធ្វើដំណើរកុំអោយមានគ្រោះថ្នាក់ចរាចរណ៍។

នៅចំពោះមុខសិស្សានុសិស្ស អាណាព្យាបាលទាំងអស់, លោក ភឺន ផល្លា បានថ្លែងពីគុណូបក្ការៈដ៏ធំធេង នៃសុខសន្តិភាពដែលរកបានមកដោយលំបាកលំបិនបំផុត។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ជាមួយនឹងបេះដូងស្នេហាជាតិ សម្ដេចបានកសាងប្រទេសជាតិយើងតាំងពីបាតដៃទទេ រហូតទទួលបាននូវសមិទ្ធផលនានាជាច្រើនស្កេកស្កះពេញទឹកពេញដីទូទាំងប្រទេសកម្ពុជាយើង។

លោកថា សម័យនេះជាសម័យប្រកួតប្រជែងចំណេះដឹង ជំនាញ ដូច្នេះសូមកូនក្មួយទាំងអស់ ត្រូវខិតខំរៀនឡើង មានឆន្ទៈពិតប្រាកដ មានក្ដីស្រម៉ៃធំធេង តាំងចិត្តឲ្យមុតស្រួច រៀនកុំឲ្យចាញ់គេ រៀនឲ្យទាន់សម័យកាលឌីជីថល សម័យកាលគេបាញ់កាំជ្រួចទៅឋានព្រះចន្ទ មិនមែនសម័យបុរាណកាលឡើយ ខណៈដែលប្រទេសជាតិយើងត្រូវការអ្នកមានចំណេះដឹង មានជំនាញ អីចឹងកូនៗត្រូវខំរៀន វៀរចាកឲ្យអស់នូវរាល់ទង្វើអបាយមុខផ្សេងៗ ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ទំពាំងមានគុណភាពខ្ពស់ ដើម្បីស្នងការដឹកនាំ ចូលរួមអភិវឌ្ឍន៍ ថែរក្សាសុខសន្តិភាពជាមួយគ្នាទាំងអស់គ្នា៕