(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះពិនិត្យទីតាំងមណ្ឌលសុខភាពមួយកន្លែងដែលកំពុងសាងសង់ ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយមណ្ឌលសុខភាព ដែលកំពុងសាងសង់នេះមានចំនួន១ខ្នង គឺជាការជួយឧបត្ថម្ភរបស់សប្បុរសអាមេរិក មានទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ស្មើនឹង៥បន្ទប់។

កំឡុងពេលចុះត្រួតពិនិត្យ អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអរគុណសប្បុរសជនជនជាតិអាមេរិក ដែលបានបរិច្ចាគថវិកាជួយសាងសង់អគារមណ្ឌលសុខភាព១ខ្នង៥បន្ទប់នេះ ដើម្បីជួយសម្រួលការផ្តល់ សេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស ពួកគាត់អាចមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្នុងស្រុកស្ទឹងហាវ ឬក៏អាចមកទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពបណ្តាក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ គ្រប់ពេលវេលា។

ស្របពេលជាមួយគ្នានេះ លោកបានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ ពិនិត្យបន្ទប់ និងបានធ្វើការសួរសុខទុក្ខជាមួយស្រ្តីឆ្លងទន្លេនៅក្នុងមណ្ឌលសុខភាព ព្រមទាំងបាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ឧបត្ថម្ភជូនស្រ្តីឆ្លងទន្លេរខាងលើចំនួន២នាក់ផងដែរ។

លោកអភិបាលខេត្តបានណែនាំឲ្យថែទាំសុខភាពម្តាយ និងកូនឲ្យបានល្អ ព្រោះក្មួយៗ និងចៅៗដែលទើបនឹងកើតមកនេះ ជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនដឹកនាំអភិវឌ្ឍប្រទេស ជាតិនាពេលខាងមុខ ហើយថវិកានេះ គឺបានមកដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ទើបយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់គិតគូរអំពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនីដែលកំពុងបំរើការងារនៅតាមរោងចក្រ សហគ្រាសនៅទូទាំងប្រទេស។

គូសបញ្ជាក់ថា នៅក្នុងមណ្ឌលសុខភាពស្រុកស្ទឹងហាវនេះ មានបុគ្គលិកសុខាភិបាលបំរើការងារចំនួន ៨នាក់ ក្នុងនោះស្រីចំនួន ៥នាក់៕