(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ទោ​ គង់​ ថូ នាយរងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ចំពោះករណីអគ្គិភ័យចំនួន២ទីតាំងខាងលើនេះ រួមមានដូចខាងក្រោម៖

ករណីអគ្គិភ័យទី១៖ នៅម៉ោង ៣៖១០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសំណង់ក្រុមហ៊ុន​ KBH ផ្លូវលំ​ ក្រុមទី៦​ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានបណ្តាលឲ្យឆាបឆេះទូរកុងទីន័រចំនួន១ទូរអស់ទាំងស្រុង​,​ ម៉ាស៉ីនភ្លើងចំនួន១គ្រឿង រួមទាំងសម្ភារគ្រឿងសំណង់មួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។

ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ៣៖៤០នាទីរសៀលនាថ្ងៃដដែល ក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប។

ករណីអគ្គិភ័យទី២៖ នៅម៉ោង ៤ល្ងាចនៅចំណុចផ្ទះលេខ១២៩​ ផ្លូវបេតុង​ ក្រុមទី​០២​ ភូមិបាក់ទូក​ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ​ បានបណ្តាលឲ្យឆាបឆេះឆេះខូចខាចបន្ទប់ជាន់ទី៤​ ចំនួន​១បន្ទប់អស់ទាំងស្រុង​ ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។

ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ៤៖៤៥នាទីល្ងាចនាថ្ងៃដដែល ក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើរនឹង២៤ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប។

លោកវរសេនីយ៍ទោ​ គង់​ ថូ បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវដោយរកឃើញថា ករណីទី១ បណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចធូបផ្សារបង្កជាអគ្គិភ័យ និងករណីទី២ បណ្តាលមកពីសាកថ្មទូរស័ព្ទ (ឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ) ក្នុងនោះ មិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។

ជាចុងក្រោយ លោកវរសេនីយ៍ទោ​ គង់​ ថូ​ សូមសំណូមពរបងប្អូនប្រជាពរលដ្ឋទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មុននឹងធ្វើដំណើរចាកចេញពីលំដ្ឋានទៅកាន់តំបន់កំសាន្ត និងទៅកន្លែងធ្វើការក្តី ត្រូវធ្វើការបិទនៅប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវមុននឹងធ្វើការចាកចេញពីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ៦៦៦ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញរបស់យើងចេញជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាផងដែរ៕