(កណ្តាល)៖ ការវោហាកុសល ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» នៅសាលាបញ្ញាសាស្រ្តសាខាគួរស្រូវ ខេត្តកណ្ដាល បានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

វគ្គប្រកួតផ្តាច់ព្រ័ត្រនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈយុទ្ធនាការយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រកួតវោហាកុសលនេះ ត្រូវឆ្លងកាត់ការឲ្យពិន្ទុដ៏សុក្រឹតពីគណៈកម្មការទាំង៥រូប ក្នុងនោះក្រុមការងាររបស់អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្ដមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង អមដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានចូលរួមនៅក្នុងពិធីប្រកួតនេះជាគណៈកម្មការដាក់ពិន្ទុនិងក្រុមការងារផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ App NoDrug៕