(ភ្នំពេញ)៖ អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិមួយរូបទៀត រស់នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានប្រកាសផ្តាច់ខ្លួនពីក្រុមអ្នកនយោបាយជ្រុលនិយម និងសុំចូលរួមជីវភាព​នយោបាយគណបក្សប្រជាជនកម្ពុជា។

តាមរយៈវីដេអូឃ្លីបបង្ហោះលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន, លោក វណ្ណ ចំរើន មានអតីតភាពជាលេខាអតីតគណបក្សសង្គ្រោះជាតិ នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានប្រកាសផ្តាច់ខ្លួនពីអ្នកនយោបាយជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ សម រង្សុី។ លោក វណ្ណ ចំរើន ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះបាន​មើលឃើញពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសបាន​មើល​ឃើញការដឹកនាំដ៏ល្អរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ជាមួយនឹងការបង្ហោះវីដេអូឃ្លីបនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសសូមស្វាគមន៍លោក វណ្ណ ចំរើន យ៉ាងកក់ក្តៅចំពោះផ្តាច់ខ្លួនចេញពីក្រុមនិយមជ្រុលមកចូលរួមជីវភាពនយោបាយ​ជាមួយគណបក្ស
ប្រជាជនកម្ពុជា។

ជាការកត់សម្គាល់ក្នុងមួយរយៈពេលចុងក្រោយនេះ អតីតអ្នកស្ម័គ្រស្មោះជាមួយអតីតបក្សប្រឆាំង ក៏ដូចជាជនក្បត់ជាតិ សម រង្សុី បានសម្រេចដើរចេញពីអតីតបក្សប្រឆាំង ក៏ដូចជាលោក សម រង្ស៉ី ជាបន្តបន្ទាប់ ក្រោយពេលពួកគេអស់ជំនឿចិត្ត ជាពិសេសគឺការធ្វើនយោបាយបែបជ្រុលនិយមនាំឱ្យមានការបែកបាក់ជាតិ និងមហន្តរាយដល់ជាតិ៕