(ភ្នំពេញ)៖ នៅថ្ងៃទី២៨-៣១ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធ នៃសាធារណរដ្ឋកូរ៉េ (National Tax Services) ក្នុងនាមជាប្រធានផ្លាស់វេន នៃរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិក និងការស្រាវជ្រាវ (Study Group on Asia-Pacific Tax Administration and Research - SGATAR) លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ អមដោយលោក អ៊ុំ សីហា អគ្គនាយករង, លោក លីម ដឺលុច អគ្គនាយករង, លោក លីម ហ៊ុយជីវ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពី លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការ ពន្ធដារអន្តរជាតិ និងលោក ស្រ៊ុន អង្គរ៉េន ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៣ នៃក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិក និងការស្រាវជ្រាវ (Study Group on Asia-Pacific Tax Administration and Research - SGATAR)។

កិច្ចប្រជុំ SGATAR ប្រចាំឆ្នាំលើកទី៥៣ បានប្រព្រឹត្តទៅ និងប្រកាសបើកកម្មវិធីជាផ្លូវការ ក្រោមអធិបតីភាពរបស់លោក Song Eon Seok ប្រធានគណៈកម្មាធិកាយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ នៃរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ និងលោក Kang Minsu អគ្គនាយកនៃរដ្ឋបាលសារពើពន្ធសាធារណរដ្ឋកូរ៉េ ដែលជាប្រធានផ្លាស់វេននៃកិច្ចប្រជុំ SGATAR លើកទី ៥៣ ដោយមានវត្តមានអ្នកចូលរួមសរុបចំនួន ១៦៦រូប ក្នុងនោះមាន លោក-លោកស្រី អគ្គនាយក-អគ្គនាយករង និងមន្ត្រីពាក់ព័ន្ធ នៃរដ្ឋបាលសារពើពន្ធជាសមាជិក SGATAR ចំនួន ១៨ ប្រទេស ក្នុងនោះរួមមានរដ្ឋបាលសារពើពន្ធសាធារណរដ្ឋកូរ៉េ អូស្ត្រាលី កម្ពុជា ចិន ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាកាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ណូវ៉ែលសេឡង់ ប៉ាពួញូហ្គីណេហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ព្រមទាំងសមាជិកអង្កេតការនិងវាគ្មិនសំខាន់ៗ មកពីស្ថាប័នអន្តរជាតិចំនួន ១០ រួមមាន Asia Initiative, ធនាគារអភវិឌ្ឍន៍អាស៊ី (ADB), Asia Oceania Tax Consultants Association (AOTCA), Belt and Road Initiative Tax Administration Cooperation Mechanism(BRITACOM), Inter-American Center of Tax Administration (CIAT), Global Forum, International Bureau of Fiscal Documentation (IBFD),Organization for Economic Cooperation and Development (OECD), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), និង ធនាគារពិភពលោក (World Bank)។

ក្នុងកិច្ចប្រជុំនេះ បានរៀបចំបែងចែកជា២ កម្រិត គឺកម្រិតប្រធានគណៈប្រតិភូ (Head of Delegates) និងកម្រិតក្រុមការងារបច្ចេកទេស (Working Group)។

ក្នុងកិច្ចប្រជុំកម្រិតប្រធានគណៈប្រតិភូ (Head of Delegates) បានប្រជុំ និងវាយតម្លៃលើការអនុវត្តផែនការសកម្មភាពការងារ ដែលបានដាក់ចេញកាលពីកិច្ចប្រជុំ SGATAR លើកទី៥២ ដែលបានធ្វើឡើងកាលពីឆ្នាំ២០២៣ នៅព្រះរាជាណាចក្រថៃ នាឆ្នាំកន្លងមក ហើយ កិច្ចប្រជុំបានបន្តជជែកពិភាក្សាផ្លាស់ប្តូរយោបល់ មេរៀន បទពិសោធន៍ ការអនុវត្តល្អៗ និងបញ្ហាប្រឈមនានាលើប្រធាបទសំខាន់ៗ ចំនួន ៣ រួមមាន៖ ទី១. យន្តការប្រកបដោយប្រសិទ្ធភាពសម្រាប់ការបង្ការ និងដោះស្រាយវិវាទពន្ធដារ, ទី២. បរិវត្តិកម្ម ឌីជីថលនៃរដ្ឋបាលសារពើពន្ធ និងទី៣. ការងារកែទម្រង់រដ្ឋបាលសារពើពន្ធ។

ក្នុងឱកាសនោះដែរ លោក គង់ វិបុល បានចូលរួមជាវាគ្មិននៅកម្រិតប្រធានគណៈប្រតិភូ និងធ្វើបទបង្ហាញអំពី ការងារកែទម្រង់រដ្ឋបាលសារពើពន្ធ ដោយលោកបានចែករំលែកនូវមេរៀនបទពិសោធន៍ និងដំណើរវិវត្តន៍នៃការកែទម្រង់ពន្ធដារកម្ពុជា ទាំងទិដ្ឋភាពគោលនយោបាយ បរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធកម្ពុជា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ដែលជំរុញឱ្យរដ្ឋបាលសារពើពន្ធកម្ពុជា អាចដើរទាន់សភាពការណ៍ និងនិន្នាការនៃរដ្ឋបាលសារពើពន្ធក្នុងតំបន់ និងអន្តរជាតិផងដែរ។

លោកក៏បានគូសបញ្ជាក់ថា អភិបាលកិច្ចល្អ (Good Governance) គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់ និងទំនើបភាវូនីយកម្ម និងឌីជីថលូបនីយកម្ម នៃអគ្គនាយកដ្ឋានពន្ធដារ ឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ ដើម្បីបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការបង់ពន្ធ ប៉ុន្តែពិបាកក្នុងការគេចពន្ធ។

ដោយឡែក សម្រាប់កម្រិតក្រុមការងារបច្ចេកទេស (Working Group) មានបែងចែកជា ៣ ក្រុមផងដែរ ហើយបានរៀបចំ ជជែកដេញដោលយ៉ាងសកម្ម និងផុលផុស ក្នុងនោះក្រុមការងារ ទី១. ការផ្ទេរថ្លៃនៃប្រតិបត្តិការហិរញ្ញវត្ថុ (Transfer Pricing of Financial Transactions), ក្រុមការងារទី២. ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃទិន្នន័យស្តង់ដារ របាយការណ៍រួមក្នុងគោលដៅផ្លាស់ប្តូរព័ត៌មាន (Improving the Quality of Common Reporting Standard Data) និង ក្រុមការងារទី៣. ការប្រយុទ្ធប្រឆាំងការគេចវេះពន្ធ និងបទល្មើសពន្ធដារ (Combating Tax Evasion and Tax Crimes)។

ជារួមបន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងមមាញឹក និងក្នុងស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់ សម្រាប់កិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥៣ របស់ SGATAR ចាប់ពីថ្ងៃទី ២៨-៣១ ខែតុលា ឆ្នាំ២០២៤ នេះ ក្រុមការងារប្រធានគណៈប្រតិភូ(Head of Delegate) បានបូកសរុបលទ្ធផលការងារសំខាន់ៗ និងដាក់ចេញនូវវិធានការអនុវត្តបន្ត ដូចខាងក្រោម៖

* កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៣ បានបញ្ចប់ដោយជោគជ័យ ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំដោយរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ
* ក្រុមការងារ បានបោះឆ្នោតគាំទ្ររដ្ឋបាលសារពើពន្ធ នៃប្រទេសអូស្ត្រាលី ជាប្រធានផ្លាស់វេននៃក្រុមការងារ SGATAR សម្រាប់ឆ្នាំ២០២៥ និងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ របស់ SGATAR ឆ្នាំ២០២៥ ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុង Brisbane រដ្ឋ Queensland ប្រទេសអូស្ត្រាលី

* ការអនុម៉័តលើរបាយការណ៍ ស្តីពីការអនុវត្តផែនការកសាងសមត្ថភាព សម្រាប់ឆ្នាំ២០២៤ សម្រេចបាន ៩ លើក តាមរយៈកិច្ចសហការបណ្តុះបណ្តាល ជាមួយស្ថាប័នអន្តរជាតិ ក្នុងគោលដៅចែករំលែក ជំនាញ និងមេរៀនបទពិសោធន៍ ជូនដល់រដ្ឋបាលសារពើពន្ធជាសមាជិក
* បានពិនិត្យ និងឯកភាពឱ្យអនុវត្តនូវផែនការកសាងសមត្ថភាព សម្រាប់ឆ្នាំ២០២៥ ដែលគ្រោងនឹងរៀបចំកម្មវិធីបណ្តុះបណ្តាល សរុបចំនួន ១១លើក បន្តទៀត
* បានពិនិត្យ និងឯកភាពលើរបាយការណ៍នៃលទ្ធផល ដែលសម្រេចបានក្នុងឆ្នាំកន្លងមក (២០២៣-២០២៤) របស់ ក្រុមការងារ SGATAR Taskforce បានគាំទ្រអោយក្រុមការងារ SGATAR Taskforce ពិនិត្យលើការត្រៀមបង្កើតនូវវេទិកា SGATAR Competent Authority Forum មួយ ព្រមទាំងតាមដាន និងពិចារណាបន្ថែមទៀត ការរៀបចំកិច្ចប្រជុំកម្រិតអ្នកជំនាញផ្នែកព័ត៌មានវិទ្យា (IT Experts) ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានាពេលអនាគត

* បានអនុម័តលើរបាយការណ៍លទ្ធផល នៃកិច្ចប្រជុំក្រុមការងារបច្ចេទេសទាំង ៣ ក្រុម (3 Working Groups)។
 ជាកិច្ចបញ្ចប់ ក្នុងដំណើរបេសកកម្មរបស់គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយលោក គង់ បានបញ្ចប់នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយនឹងការទទួលបានជាគំនិតច្នៃប្រឌិតថ្មីៗ បទពិសោធន៍ និងឧត្តមានុវត្តន៍សំខាន់ៗ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការសិក្សា ស្វែងយល់ និងបង្កើនសមត្ថភាពរដ្ឋបាលសារពើពន្ធ ឱ្យកាន់តែប្រសើរឡើង៕