(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកដល់មាតុប្រទេសវិញហើយ នារាត្រីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។
នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាកិច្ចប្រជុំកំពូលអង្គការសហប្រជាតិស្តីពីជីវៈចម្រុះលើកនេះ បានបន្តការពិនិត្យពិភាក្សាលើគោលនយោបាយនិងផែនការសកម្មភាព ដែលផ្តោតលើការធ្វើឱ្យមានសន្តិភាវូបនីយកម្ម របស់មនុស្សជាមួយនឹងធម្មជាតិ ក៏ដូចជាជួយជំរុញការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរវាងមនុស្សនិងធម្មជាតិកាន់តែប្រសើរឡើង។
លោកបណ្ឌិតបានបន្តថា ដើម្បីទទួលបាននូវសន្តិភាវូបនីយកម្មរវាងប្រជាជននិងធម្មជាតិ ដាច់ខាតប្រទេសភាគីនីមួយៗត្រូវការពារ ថែរក្សា អភិរក្ស និងពង្រីកជីវៈចម្រុះសម្រាប់ប្រទេសនីមួយៗ ដោយធ្វើយ៉ាងណាប្រើប្រាស់ធនធានជីវៈចម្រុះ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ។ លោករដ្ឋមន្រ្តីបានបន្ថែមថា គោលដៅសំខាន់មួយទៀតនៃកិច្ចប្រជុំនេះ គឺបានកៀរគរថវិកាដើម្បីយកមកថែរក្សាអភិរក្ស និងពង្រីកផ្ទៃដីនៃការគ្រប់គ្រងជីវរៈចម្រុះនៅតាមប្រទេសនីមួយៗ ហើយជាពិសេសរាប់យកទៅជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងនាមជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោកបណ្ឌិត អ៊ាង សុផល្លែត បានឡើងថ្លែងនូវសុន្ទរកថានៅចំពោះមេដឹកនាំពិភពលោក ដែលបានឆ្លុះបញ្ចាំងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏បានលើកឡើងនូវការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាយុទ្ធសា្រស្រ្ត និងផែនការសកម្មភាពជាតិស្តីពីជីៈចម្រុះ និងយុទ្ធសាស្រ្តដទៃទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចុះសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល រួមជាមួយនិងសកម្មភាពផ្សេៗទៀត ដែលបានធ្វើនិងកំពុងធ្វើ នោះគឺការពង្រីកវិសាលភាពគម្របព្រៃឈើតាមរយៈការដាំឈើយ៉ាងតិច១លានដើមនៅក្នុង១ឆ្នាំ ការចែកជូនកូនឈើជូនប្រជាពលរដ្ឋទៅដាំ ដោយឥតគិតថ្លៃ ក៏ដូចជាការរៀបចំថ្នាលបណ្តុះកូនឈើ ដើម្បីពង្រីកការដាំដើមឈើនៅកម្ពុជា។
តាមការបន្ថែមរបស់លោករដ្ឋមន្រ្តី អ្វីដែលក្រសួងបរិស្ថានកម្ពុជាកំពុងអនុវត្តនាពេលបច្ចុប្បន្ន គឺស្របទៅតាមអង្កការសហប្រជាតិចង់បាន នោះគឺការការពារ និងអភិរក្ស ថែរក្សា ធនធានធម្មជាតិ ដោយធ្វើយ៉ាងណាឱ្យការរស់នៅរបស់មនុស្ស មានភាពសុខដុមរមនាជាមួយធម្មជាតិ។ នៅក្នុងអំឡុងពេលស្នាក់នៅ និងអញ្ជើញចូលរួមប្រជុំប្រតិភូកម្ពុជាបានធ្វើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រទេសម្ចាស់ផ្ទះ ក៏ដូចជាភាគីប្រទេសនានាបានចំនួន១២ប្រទេស និងជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍជាច្រើនផ្សេងទៀត។ បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា គណៈប្រតិភូកម្ពុជាបានទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិកាពីដៃគូគួរជាទីគាប់ចិត្ត ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តទៀតថា កម្ពុជាសម្រេចបានសមិទ្ធផលដែលបានចូលរួមចំណែកក្នុងស្តារ ការពារនិងអភិរក្ស ពង្រីកវិសាលភាពការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិរបស់កម្ពុជា ទទួលបានកិត្យានុភាពជាតិ លើឆាកអន្តរជាតិ នៅពេលធ្វើឱ្យពិភាពលោកបានយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីភាពស្អាត ភាពបៃតង និងជំរុញលើការងារជីវៈចម្រុះសកល រួមទាំងតម្រូវការមធ្យោបាយធនធានដើម្បីគាំទ្រ និងធានាបាននូវប្រសិទ្ធភាព ក្នុងពេលអនុវត្តសំដៅឈានឆ្ពោះ ទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងចក្ខុវិស័យឆ្នាំ២០៥០។
នាឱកាសសន្និសីទ COP16 នោះ មជ្ឈដ្ឋានអន្តរជាតិ ពិសេសខាងប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកូឡុំប៊ីពិតជាមានការភ្ញាក់ផ្អើលចំពោះកម្ពុជា ដែលមានតំបន់ការពារធនធានធម្មជាតិដល់ទៅជាង៤០ភាគរយ គឺជាបរិមាណច្រើនជាងប្រទេសដទៃទៀត ដែលប្រទេសខ្លះមានតំបន់ការពារធនធានធម្មជាតិត្រឹមតែ៥ភាគរយប៉ុណ្ណោះ ប្រទេសខ្លះមានត្រឹម១០ភាគរយហើយនឹងឈានទៅ១៥ភាគរយ ខ្លះនឹងឈានទៅ២០ភាគរយជាដើម ហើយមជ្ឈដ្ឋានអន្តរជាតិទាំងនោះពិតជាមានការកោតសរសើរចំពោះភាគីកម្ពុជា ដែលបន្តរក្សាបាននូវវិសាលភាពបៃតងដ៏ច្រើននេះ៕