(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពជំនន់ទឹកភ្លៀងដើមរដូវប្រាំង ដែលជន់លិចស្រែស្រូវប្រាំងប្រជាកសិករ នៅផ្នែកខ្លះក្នុងឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកាន ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជ សម្រាប់ដាំស្តារឡើងវិញនៅពេលទឹកស្រក។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា ក្រោយពីការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាក់ស្តែង យើងឃើញថា ដំណាំស្រូវទាំងអស់ អាចនឹងប្រឈមការខូចខាតទាំងស្រុង ព្រោះថាស្រូវបងប្អូនប្រជាកសិករយើង ទើបព្រោះបាន០៧ទៅ១០ថ្ងៃតែប៉ុណ្ណោះ ហើយស្ថានភាពទឹក ក៏នៅជន់លិចរយៈពេលយូរទៀតដែរ។
លោកបានបន្ថែមថា នៅចំពោះមុខនេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គឺយើងត្រៀមធ្វើផែនការ ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជ សម្រាប់ឱ្យបងប្អូនកសិករយើង មានលទ្ធភាពស្តារឡើងវិញនៅពេលទឹកស្រក។ លោកបានផ្តាំផ្ញើ ជូនចំពោះបងប្អូនប្រជាកសិករ សូមកុំអស់សង្ឃឹម ត្រូវខិតខំបង្កបង្កើនផលស្រូវ ឬដាំដំណាំរួមផ្សំផ្សេងៗទៀត នឹងតែត្រូវចាំទុកថា អំឡុងរដូវប្រាំងនេះ ម្តៅអាចឡើងខ្ពស់ចន្លោះពី៤៥ទៅ៤៦អង្សារសេ ដូច្នេះត្រូវត្រៀមស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ព្រោះអាចប្រឈមការខ្វះខាតទឹក។
គួរជម្រាបជូនថា ផ្អែកតាមការចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងនាព្រឹកនេះ ឃើញថាស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកបាកាន កើតឡើងដោយសារ ទទួលរងនូវឥទិ្ធពលព្យុះទី២០ ឈ្មោះត្រាមី និងព្យុះទី២១ ឈ្មោះកងរី បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យជន់លិចដំណាំស្រូវរដូវប្រាំង «រូវក្នុងដំណាក់កាលសំណាប និងបែកគុម្ព» របស់ប្រជាកសិករ សរុបប្រមាណ១០០ហិកតា ស្មើនឹង៥២គ្រួសារ នៅក្នុងឃុំចំនួន០២ រួមមាន៖
ទី១៖ ឃុំស្វាយដូនកែវ មាន០១ភូមិ គឺភូមិច្រប់ មានផ្ទៃដីលិចលង់ ចំនួន២៥ហិកតា ស្មើនឹង០៥គ្រួសារ។
ទី២៖ ឃុំអូរតាប៉ោង មានចំនួន០៥ភូមិ មានផ្ទៃដីលិចលង់ ចំនួន៧៥ហិកតា ក្នុងនោះមាន៖
*ភូមិទួលរគាំង ចំនួន១៦ហិកតា ស្មើនឹង១០គ្រួសារ
*ភូមិស្តុកឃ្លោក ចំនួន១៤ហិកតា ស្មើនឹង០៩គ្រួសារ
*ភូមិព្រៃយាង ចំនួន០១ហិកតា ស្មើនឹង០១គ្រួសារ
*ភូមិផ្សារអណ្តែត ចំនួន០៣ហិកតា ស្មើនឹង០១គ្រួសារ
*ភូមិរបោះរាំង ចំនួន៤១ហិកតា ស្មើនឹង២៦គ្រួសារ។
បច្ចុប្បន្ននេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននឹងកំពុងយកចិត្តទុកដាក់ សហការគ្នា បន្តចុះតាមដានអំពីស្ថានភាពដំណាំស្រូវជាក់ស្តែង តាមទីតាំងនីមួយៗខាងលើផងដែរ៕