(កំពង់ធំ)៖ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានផ្តួចផ្ដើមដឹកនាំមន្ត្រីរាជការ សមាជិក សមាជិកា និងកងកម្លាំងទាំងបី ប្រជាពុទ្ធបរិស័ទ និងលោកអាចារ្យគណៈកម្មការទាំង៤៨វត្ត ក្នុងស្រុកស្ទោង បានរួបរួមសហការគ្នាដង្ហែអង្គកឋិនទៅកាន់វត្តស្រែក្រសាំង ស្ថិតនៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក សាយ គឹមឡម បានឲ្យដឹងថា ក្រៅពីការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ គឺជាការសន្សំនូវបុញ្ញានិធិសម្រាប់ជាតិនេះនិងអនាគតជាតិ ក្នុងនាមពុទ្ធសាសនិកជនដែលតែងតែគោរពប្រតិបត្តិពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន និងដើម្បីតម្កល់សាសនាព្រះពុទ្ធឲ្យបានរុងរឿង។

ទន្ទឹមនឹងនេះ គឺជាការចូលរួមកសាងនូវហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលនានាក្នុងវត្ត ជាពិសេសដើម្បីចូលរួមឧបត្ថម្ភគាំទ្រការកសាងសាលាឆាន់ថ្មី សម្រាប់ប្រជាពុទ្ធបរិស័ចំណុះជើងវត្តជិតឆ្ងាយបានប្រើប្រាស់ និងធ្វើពិធីបុណ្យផ្សេងៗនៅក្នុងវត្តអារាមប្រកបដោយសទ្ធាជ្រះថ្លានិងសុខសុវត្ថិភាព។

លើសពីនេះ លោកអភិបាលស្រុកស្ទោងបានថ្លែងអំណរគុណនិងអរព្រះគុណជាអនេកដល់ព្រះមន្ត្រីសង្ឃ ព្រះអនុគណស្រុកស្ទោង លោកតាអាចារ្យគណៈកម្មការ ញាតិញោមពុទ្ធបរិស័ទព្រមទាំងថ្នាក់ដឹកនាំធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងវិស័យឯកជននានា ដែលមានសទ្ធាជ្រះថ្លាក្នុងការរួបរួមសហការ ចូលរួមឧបត្ថម្ភបច្ច័យ និងការចូលបុណ្យជាមួយអង្គកឋិនរបស់រដ្ឋបាលស្រុកស្ទោង ដើម្បីវេរប្រគេនព្រះសង្ឃនៅពេលនេះដែលមានត្រៃ១ ព្រមទាំងបរិក្ខា និងបច្ច័យ១៦,០៧៦,០០០រៀល។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះក៏មានការចែកនូវសម្ភារសិក្សា ព្រមទាំងថវិកាមួយចំនួនដល់សិស្សានុសិស្ស២៥០នាក់ ដែលម្នាក់ៗទទួលបាននូវប៊ិច២ ដើមសៀវភៅ២ក្បាល និងថវិកា៣០០០រៀល៕