(ព្រះវិហារ)៖ ថវិកានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ត្រូវបានក្រុមការងារ នាំយកមកប្រគល់ជូនសិស្សប្រឡងជាប់និទ្ទេស A ចំនួន៦នាក់ នៅខេត្តព្រះវិហារ។
ការប្រគល់ជូនថវិកានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជាការលើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន៦នាក់នៅខេត្តព្រះវិហារ បានធ្វើឡើងក្នុងសំណេះសំណាល ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង និងជានាយការិយាល័យទី៤ កងទ័ពជើងគោក, និងលោកវរសេនីយ៍ទោ ម៉ៅ គន្ធឧត្តមពិសិដ្ឌពង្ស ជំនួយការមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ គណ:គ្រប់គ្រងសាលា និងមាតា បិតាសិស្សជាច្រេីនរូបទៀត នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ជូនលោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស ពិសេសប្ងូនៗដែលប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ បាក់ឌុប ឆ្នាំ២០២៤ ដោយទទួលបាននិទ្ទេស A ទាំង៦នាក់។
លោកក៏បានប្រគល់ជូនថវិកា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនសិស្សនិទ្ទេសA ទាំង៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន២លានរៀល និងជូននាយកសាលាចំនួន៤នាក់ ក្នុងម្នាក់ៗថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕