(ភ្នំពេញ)៖ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ ប្រទេស​វៀត​ណាម ត្រូវបានរៀបចំពិធីសាសនារួមមានការក្រុងពាលី និងសូត្រមន្តនៅរសៀលថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះហើយ។

ពិធីបែបសាសនានៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែឆ្ពោះទៅវត្តខ្មែរក្រោមនារសៀលថ្ងៃនេះប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតី​ភាព​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋា​ភិ​បាល​ជាច្រើនរូបទៀត។

ពិធីបែបសាសនានៃអង្គកឋិនមហាសាមគ្គីគ្រួសារដង្ហែទៅកាន់ខ្មែរក្រោមនាពេលនេះ បានប្រព្រឹត្ត​ទៅ​តាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែររួមមាន៖ ពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម្មវិសេសទេសនាដោយសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។

អង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏ក្រម ហើយក៏ត្រូវបាន​ចាត់​ទុក​ជា​ពិធីបុណ្យជាប្រវត្តិសាស្ត្រមួយផងដែរ។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ​នាមជាអង្គកឋិន​មហា​សា​​ម​គ្គីគ្រួ​សារខ្មែរ ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង​អាណា​ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋា​ភិបាល។

តាមកម្មវិធីបុណ្យបន្ទាប់ពីការរៀបចំពិធីសាសនានារសៀលថ្ងៃនេះរួចរាល់ហើយនោះ នៅវេលាព្រឹក​ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំដង្ហែអង្គកឋិនទានឆ្ពោះ​ទៅ​កាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀម ដែលគ្រោងដល់វត្តនៅពេលរសៀល។ លុះព្រឹកថ្ងៃ​ទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់​មក​ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។

ទីអារាមជាមែកធាងដ៏សំខាន់នៃវប្បធម៌ខ្មែរ នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះមាន​ទី​អា​រាម​​រហូត​ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ អង្គកឋិនដែលរៀបចំដោយស្ថាប័នសង្ឃ និងស្ថាប័នដឹកនាំជាតិរបស់កម្ពុជាដង្ហែទៅ​កាន់​ខ្មែរក្រោមមិនធ្លាប់មាននោះឡើយ។ ព្រឹត្តិការណ៍នៃអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរនាពេល​នេះ បាននាំមកនូវការសាទរ និងរីករាយយ៉ាងជ្រាលរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម។ អង្គកឋិនទាននេះ ក៏បានបង្ហាញឱ្យឃើញច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះព្រសង្ឃ ក៏ដូចជាព្រះពុទ្ធសាសនានៅខ្មែរក្រោម។

បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញផងដែរ។

សូមបញ្ជាក់ថា កឋិនទាន ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យ​បិដក មហាវគ្គ កឋិនក្ខន្ធកៈ ដែលទាយក ទាយិកាមានសទ្ធាជ្រះថ្លា នាំយកចីវរទៅ​វេរ​ប្រគេនព្រះ​ភិក្ខុ​សង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាសក្នុងអាវាសវត្តណាមួយនិងជាទានវិសេស មានលក្ខណៈ​ប្លែក​ជាងទានដទៃ៥យ៉ាង ភិក្ខុសង្ឃបានក្រាលគ្រងកឋិនទទួលបានសង្ឃលាភ និងអានិសង្ស ៥ ហើយអ្នកប្រគេនកឋិនចីវរ ក៏ទទួលបានអានិស្ស៥ផងដែរ។
លក្ខណៈប្លែក៥យ៉ាងនៃកឋិនទាន៖

១៖ ប្លែកដោយកាល៖ តាមពុទ្ធានុញ្ញាត កឋិនកាលមានតែ២៩ថ្ងៃគឺពីថ្ងៃ ១រោច ខែអស្សុជ ដល់ ១៥​កើត ខែកត្តិក។ ក្នុងអំឡុងពេលនេះទាយក ទាយិកា អាចនាំយកចីវរទៅវេរប្រគេនភិក្ខុស​ង្ឃ​នៅថ្ងៃ​ណាក៏បានហើយវត្តនីមួយៗទទួលកឋិនទានបានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។

២៖ ប្លែកដោយវត្ថុ កឋិនចីវរមាន៖ ស្បង់ ចីពរ និងសង្ឃាដី ក្រៅពីនេះ ពុំអាចចាត់ជាកឋិនចីវរបាន​ឡើយ។ កឋិនចីវរនេះសោត ភិក្ខុសង្ឃក្រាលគ្រងកឋិន អាចជ្រើសយកវត្ថុណាមួយក្នុងចំណោម ចីពរ ស្បង់ ឬសង្ឃាដី ដើម្បីក្រាលគ្រងតាមព្រះទ័យរបស់លោក ។

៣៖ ប្លែកដោយអំពើ បុគ្គលអ្នកធ្វើអង្គកឋិនទានគប្បីធ្វើឱ្យបានត្រឹមត្រូវរបៀបតាមព្រះវិន័យ។

៤៖ ប្លែកដោយបដិគ្គាហកៈ មានតែភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសប៉ុណ្ណោះ ទើបអាចទទួលក្រាលគ្រង និងអនុមោទនាកឋិនបាន។ ភិក្ខុមិនបានចាំវស្សា ឬបាននៅចាំវស្សាដែរតែដាច់វស្សា ឬសាមណេរ ពុំអាចទទួលក្រាលគ្រងកឋិនបានឡើយ។

៥៖ ប្លែកដោយអានិសង្ស ព្រះភិក្ខុសង្ឃដែលបានក្រាលគ្រង និងអនុមោទានកឋិន ទទួលបានអានិសង្ស ៥យ៉ាងដូចខាងលើ ក្នុងរវាង៥ខែ ដូចមានក្នុងវិន័យបិដកភាគ៨ត្រង់​កឋិនក្ខន្ធកៈ។

ចំណែកកឋិនទាយក ដែលបានថ្វាយកឋិនចីវរ ត្រូវទទួលបានអានិសង្សច្រើនជាអនេក ព្រោះជាចីវរទានពិសេសប្លែក ព្រះភិក្ខុសង្ឃដែលបានក្រាលគ្រងនិងអនុមោទនាកឋិន ទទួលបានទាំងសង្ឃលាភនិង អានិសង្ស៥យ៉ាង សមដូចព្រះពុទ្ធដីការថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ជនអ្នកមានប្រាជ្ញាតែងឱ្យនូវសេចក្ដីសុខដល់អ្នកដទៃ និងរមែងបាននូវសេចក្ដីសុខនោះមកខ្លួនវិញ។

កឋិនទាន គឺជាពិធីបុណ្យដែលផ្តល់នូវអានិសង្សដ៏ប្រសើរសម្រាប់ព្រះសង្ឃ និងអ្នកដែលបានធ្វើអង្គកឋិន។ អានិសង្ស ៥យ៉ាងសម្រាប់ព្រះសង្ឃរួមមាន៖
១៖ អនាមន្តចរោ ត្រាច់ទៅណាមិនបាច់លាភិក្ខុផងគ្នា
២៖ អសមាទានចារោ ត្រេចទៅណាមិនបាច់យកត្រៃចីវរគ្រប់ប្រដាប់
៣៖ គណភោជនំ ឆាន់គណភោជនបាន
៤៖ យាវទត្ថចីវរំ ទុកដាក់អតិរេកចីវរបានតាមត្រូវការ
៥៖ យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះ​នឹងមានដល់ភិក្ខុទាំងនោះ ។

ចំណែកកឋិនទាយក ទាយិកា (អ្នកប្រគេនកឋិនចីវរ) នឹងបានអានិសង្ស ៥ ប្រការផងដែរ៖
១៖ សុរូបតា មានរូបស្អាត ជាទីស្រលាញ់ពេញចិត្ត
២៖ សុវណ្ណតា មានសម្បុរស្អាត ជាទីពេញចិត្ត
៣៖ សុសណ្ឋានា មានទ្រង់ទ្រាយល្អ មិនខ្ពស់ពេក មិនទាបពេក
៤៖ ចក្កវត្តិ រាជា ហោតិ ត្រូវបានជាស្ដេចចក្រ ប្រកបដោយទសពិធរាជធម៌ ក្នុងជាតិណាមួយ
៥៖ ឯហិ ភិក្ខុ នឹងបានជួបព្រះសម្មាសម្ពុទ្ធអង្គណាមួយ ហើយបាន ឯហិ ភិក្ខុ គឺបានក្លាយជាភិក្ខសង្ឃដោយគ្រាន់តែព្រះពុទ្ធត្រាស់ថា អ្នកចូរជាភិក្ខុចុះ ត្រៃចីវរកើតមានឡើងភា្លម ដោយអានិសង្សនៃកឋិនទាន និងមានបញ្ញាចាក់ធ្លុះនូវសច្ចធម៌ បានដល់នូវបរមសុខគឺព្រះនិព្វាន ។

ការប្រារព្ធនូវពិធីបុណ្យកឋិនទាន បាននាំមកនូវគុណប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា។ គុណប្រយោជន៍មានដូចជា៖
១៖ អភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងគង់វង់ស្ថិតស្ថិរយូរអង្វែង តាមរយៈការអភិវឌ្ឍសាសនាវត្ថុ (វត្តអារាម ព្រះវិហារ កុដិ សាលាឆាន់ សាលាបាលី ដងទង់។ល។ សាសនបុគ្គល (ទំនុកបម្រុងព្រះសង្ឃឱ្យបានគង់នៅជាសុខក្នុងភ្នូសប្រកបដោយសប្បាយ ៤ យ៉ាងគឺ អាហារសប្បាយ សេនាសនសប្បាយ បុគ្គលសប្បាយ និងធម្មសប្បាយ) សាសនពិធី (ថ្វាយសក្ការបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល សម្ដែងធម៌ ធម្មសាកច្ឆា។ល។) និងសាសនធម៌ (ព្រះធម៌វិន័យរបស់ព្រះសម្មារសម្ពុទ្ធដែលមាន ៨៤,០០០ ធម្មក្ឋន្ធ សង្ខេបនៅត្រឹមការមិនធ្វើនូវអំពើបាប ការធ្វើតែអំពើល្អ និងការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធ បរិយត្តិធម៌ បដិបត្តិធម៌ និងបដិវេធធម៌)។

២៖ បានជួបជុំពង្រឹង និងពង្រីកសាមគ្គីធម៌ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល

៣៖ ឧទ្ទិសកុសលជូនដល់បុព្វការីជនប្រកបដោយកត្តញ្ញូ និងសង្គហធម៌

៤៖ លើកកម្ពស់សីលធម៌សង្គម តាមរយៈញាំងចិត្តឱ្យជ្រះថ្លាក្នុងបុណ្យកុសលផ្សេងៗ

៥៖ សន្សំបុណ្យកុសលសម្រាប់ជាទីពឹងរបស់ខ្លួនក្នុងបរលោក៕