(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងដឹកនាំគណៈប្រតិភូក្រសួង ទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹង ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤ នៅសិង្ហបុរី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យ​ដឹង​ថា កិច្ចប្រជុំដែលធ្វើឡើងក្រោមមូលបទ «គ្រួសារអាស៊ីដែលមានភាពរឹងមាំ និងភាពធន់៖ បញ្ហា​ប្រឈម និងកាលានុវត្តភាព» លោក នឹងអញ្ជើញថ្លែងសុន្ទរកថា​ក្នុងកិច្ចប្រជុំនេះ រួមជាមួយរដ្ឋ​មន្ត្រី​នៃប្រទេសជាសមាជិកអាស៊ានដទៃទៀត ស្ដីពីកិច្ចសហប្រតិបត្តិការលើការពង្រឹងស្ថានភាព​គ្រួសារ​អាស៊ាន។

ក្នុងឱកាសនៃកិច្ចប្រជុំ និងសន្និសីទនេះ លោករដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំទ្វេភាគីដាច់​ដោយ​ឡែក​ជាមួយលោក Masagos Zulkifli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ ប្រទេសសិង្ហ​បុរី នៅ​ល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិភាក្សាការងារលើកិច្ច​សហការស្តីពីកិច្ចការគ្រួសារ​រវាង​កម្ពុជា និងសិង្ហបុរី។

លោករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី និងទទួលជួបដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael George នៃរាជវង្សអង់គ្លេស និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយក ប្រតិបត្តិអង្គការ Care for Children ដើម្បីពិភាក្សាលើគម្រោងរបស់អង្គការ Care for Children នៅកម្ពុជាផងដែរ៕