(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពីប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) និងគោលការណ៍ណែនាំកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ ក្រោមកិច្ចសហការរៀបចំដោយទីប្រឹក្សាបច្ចេកទេស កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហាន១ (WAT4CAM Phase I-TA-ISWM) ក្រោមជំនួយរបស់សហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ប្រចាំកម្ពុជា។ សិក្ខាសាលានេះធ្វើឡើងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រីបានឱ្យដឹងថា ប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក និងគោលការណ៍ណែនាំលើកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ គឺជាឯកសារគតិយុត្តដែលមានទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមកប្រកបដោយបរិយាបន្ន ហើយប្រមូលផ្តុំជាក្របខណ្ឌឯកសាររួម សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក និងការបែងចែកទឹកនៅក្នុងដែនប្រព័ន្ធធារាសាស្ត្រប្រកបដោយចីរភាព ដោយមានការលើកកម្ពស់ការចូលរួមរបស់សហគមន៍ប្រកបដោយគុណាធិបតេយ្យ និងផ្តល់នូវយន្តការសម្រាប់ការដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ និងស័ក្តិសិទ្ធិភាព។
សូមបញ្ជាក់ថា ឯកសារគតិយុត្តដែលត្រូវប្រកាសដាក់ឱ្យប្រើប្រាស់នាពេលនេះ រួមមាន៖
* ទី១៖ ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ការចុះបញ្ជី និងការគ្រប់គ្រង ស.ក.ប.ទ.
* ទី២៖ ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទលើការ គ្រប់គ្រងប្រព័ន្ធធារាសាស្ត្រក្នុងក្របខ័ណ្ឌ ស.ក.ប.ទ.
* ទី៣៖ ប្រកាសស្តីពីការរំលាយចោល ស.ក.ប.ទ.
* ទី៤៖ ប្រកាសស្តីពីការដាក់ឱ្យប្រើនូវគោលការណ៍ណែនាំសម្រាប់ដំណើរការអនុវត្តការងាររបស់ ស.ក.ប.ទ ប្រកបដោយនិរន្តរភាព៕