(ភ្នំពេញ)៖ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវភូមិសាស្រ្តនយោបាយ និងសង្គម នៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI )បានបង្ហាញពីការយល់ឃើញរបស់លោក នៅក្នុងការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម គឺជាកាតព្វកិច្ចសាសនា និងក្រោមស្មារតីសាមគ្គីជាតិខ្មែរ។ នេះបើតាមការបញ្ជាក់ពីលោក ថុង ម៉េងដាវិត មកកាន់បណ្ដាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោក ថុង ម៉េងដាវិត បានលើកឡើងយ៉ាងដូច្នេះថា៖ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា រៀបចំពិធីសូត្រមន្តបែបសាសនានៃការអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែឆ្ពោះទៅវត្តខ្មែរក្រោមនៅវិមាន៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបទៀត។
ពិធីបែបសាសនានៃអង្គកឋិនមហាសាមគ្គីគ្រួសារដង្ហែទៅកាន់វត្ត ពោធិគីរីវង្សារាម ហៅវត្តស្វាយសៀមថ្មីនៅខេត្តត្រាវិញ (ខេត្តព្រះត្រពាំង)នាពេលនេះ បានប្រព្រឹត្តទៅតាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែរ ដែលមានការចូលរួមពីពលរដ្ឋខ្មែរពីគ្រប់ទិសទី ទាំងខ្មែរកម្ពុជាក្រោម, ខ្មែរកណ្ដាល និងខ្មែរលើ គឺមានការគាំទ្រខ្លាំងណាស់ ភ្លូកទឹកភ្លូកដី ហើយមានពលរដ្ឋខ្មែរកណ្ដាល ទៅចូលរួមយ៉ាងច្រើនកុះករ។ អង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ អង្គកឋិននេះគឺចង់បង្ហាញពីមហាសាមគ្គីគ្រួសារខ្មែរ មិនថានៅក្នុងស្រុក និងក្រៅប្រទេស សុទ្ធតែអាចចូលរួមជាមួយរដ្ឋាភិបាលបាន ហើយបច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ (ខេត្តព្រះត្រពាំង) នៅវៀតណាម (ខ្មែរក្រោម)។
ការដង្ហែអង្គឋិនទៅកាន់វត្តខ្មែរក្រោមនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសមាហរណកម្មប្រជាពលរដ្ឋខ្មែរជាធ្លុងមួយ (ខ្មែរលើ ខ្មែរកណ្តាល និងខ្មែរក្រោម) តាមរយៈការកៀរគរប្រជាពលរដ្ឋឱ្យសម្រេចនូវភារកិច្ចចំពោះជាតិ ក៏ដូចជាការបង្កើតរូបភាពវិជ្ជមានរបស់ជាតិ និងគោលនយោបាយជាតិខ្មែរ ហើយនេះក៏ជាការបញ្រ្ជាបមនោគមវិជ្ជាជាតិ ដែលជាប្រព័ន្ធគំនិតនិងទស្សនៈ ដែលឆ្លុះបញ្ចាំងអំពីផលប្រយោជន៍ជាតិ និងជាមូលដ្ឋានគ្រឹះកំណត់សកម្មភាពនយោបាយជាតិ និងសាមគ្គីភាពមហាគ្រួសារខ្មែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺដោយសារសម្តេចតេជោ ហ៊ុន សែន មានឧបនិស្ស័យពីកំណើតនឹងព្រះពុទ្ធសាសនា និងធ្លាប់ជាអតីតជាក្មេងវត្ត ដូចនេះការប្រព្រឹត្ត និងអនុវត្តតាមការបង្រៀនរបស់ព្រះពុទ្ធសាសនា គឺជាកាតព្វកិច្ចរបស់សម្តេច ហើយក៏បានអំពាវនាវឱ្យប្រជាជនខិតខំលើកស្ទួយពិធីបុណ្យសាសនាជាតិផងដែរ និងបង្ហាញពីយកចិត្តទុកដាក់រដ្ឋាភិបាលចំពោះជនជាតិខ្មែរទាំងអស់។
កន្លងមកក៏មានការអំពាវ និងការស្នើសុំអន្តរាគមន៍ពីពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមមករាជរដ្ឋាភិបាលកម្ពុជា ទៅរដ្ឋាភិបាលវៀតណាម ឱ្យធ្វើការដោះលែងសកម្មជនសិទ្ធិមនុស្ស និងព្រះសង្ឃខ្មែរក្រោមនៅវៀតណាម។ ជាអាទិ៍ កាលពីថ្ងៃទី២១ ខែតុលា មានពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោមប្រមាណ ១០០នាក់ បានប្រមូលផ្តុំគ្នានៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ធ្វើបាតុកម្មប្រឆាំងនឹងអាជ្ញាធរនៃរដ្ឋាភិបាលវៀតណាម ដែលចាប់ឃុំខ្លួនព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដាក់ពន្ធនាគារ និងយកញត្តិទៅដាក់នៅក្រសួងការបរទេសកម្ពុជា។
សកម្មភាពទាំងអស់នេះ គឺជាសិទ្ធិ និងការស្នើសុំរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម ក៏ប៉ុន្តែវាផ្ទុយទៅនឹងទិដ្ឋភាពច្បាប់ និងទំនាក់ទំនងអន្តរជាតិ។ ការចាប់ខ្លួនណារបស់អាជ្ញាធរវៀតណាមមកលើសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម និងព្រះសង្ឃ គឺជាកិច្ចការផ្ទៃក្នុង និងក្រោមច្បាប់របស់វៀតណាម ដែលរដ្ឋាភិបាលកម្ពុជាពុំមានសិទ្ធិ ឬអំណាចក្នុងការទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងពួកគេឡើយ ព្រោះថាអ្នកទាំងនោះគឺរស់នៅក្នុងអធិបតេយ្យភាពរៀតណាម តែរដ្ឋាភិបាលកម្ពុជានឹងបន្តអំពាវនាវ និងធ្វើការតាមផ្លូវការទូតជាមួយអាជ្ញាធរវៀតណាម ដើម្បីសិក្សា និងពិនិត្យលើលទ្ធភាពក្នុងការសម្របសម្រួលទោសរបស់ពួកគេ។
ចំណុចសំខាន់មួយទៀត នៃការដង្ហែអង្គឋិនទៅកាន់វត្តខ្មែរក្រោមនេះ គឺចង់បង្ហាញទៅក្រុមប្រឆាំងថា រាជរដ្ឋាភិបាលកម្ពុជាមិនបានទុកប្រជាជនខ្មែរក្រោម ឬមានការរើសអើងពួកគាត់នោះ តែការអនុវត្តច្បាប់របស់ប្រទេសនិមួយៗ គឺខុសគ្នា និងស្ថិតនៅក្រោមដែនអំណាចអធិបតេយ្យប្រទេសផ្សេងៗគ្នា ដោយកម្ពុជា និងវៀតណាមមិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងឡើយ។
ដោយឡែក ក្រុមប្រឆាំងនៅតែបន្តសកម្មភាពបង្ខូច និងបំភ្លៃព័ត៌មានពីគោលបំណងពិតរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ជាពិសេសតែងតែយកបញ្ហាទឹកដី និងជាតិសាសន៍ ជាមុំក្នុងការវាយប្រហារលើរដ្ឋាភិបាល ដោយពុំបានធ្វើការសិក្សាស្រាវជ្រាវត្រឹមត្រូវពីទិដ្ឋភាពច្បាប់ត្រឹមត្រូវឡើយ។ ការធ្វើនយោបាយតូបនីយកម្មជាតិសាសន៍ និងព្រំដែន អាចធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ទំនាក់ទំនងកម្ពុជា ជាមួយនឹងប្រទេសជិតខាង ដែលផ្ទុយពីការគោលនយោបាយភូមិសាស្រ្តជិតខាងរបស់កម្ពុជា ដែលផ្តោតលើការកសាងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង តាមរយៈការកសាងខ្សែព្រំដែន ជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង៕