(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចាត់តំណាងលោក ងី សែត អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញទទួលអំណោយមនុស្សធម៌ រួមមាន បច្ឆ័យ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ (សង្ឃហទាន) ជាលើកទី២ ពីមន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង ដឹកនាំដោយ ព្រះគ្រូពុទ្ធរស្មី យឿម រដ្ឋសភា ព្រះអនុគណក្រុងបាត់ដំបង និងសហការី ដោយមានការនិមន្ត និងអញ្ជើញចូលរួម ពីព្រះគ្រូចៅអធិការ តំណាងតាមបណ្តាលវត្ត ទាំង២៨នៃគណមហានិកាយ ក្នុងក្រុងបាត់ដំបង លោក លោកស្រី អនុប្រធាន គណ:កម្មាធិការសាខានិងក្រុមប្រតិបត្តិសាខា សរុប១៤អង្គ/នាក់ នៅបរិវេណវត្តកណ្តាលក្រុងបាត់ដំបង។
បន្ទាប់ពីបានបូជាសក្ការៈថ្វាយចំពោះព្រះរតនត្រ័យចប់សព្វគ្រប់ហើយ ព្រះសិរីសត្ថា ព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូអនុគណក្រុងបាត់ដំបង បានមានថេរដិកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជា ដែលមានលោក សុខ លូ ជាប្រធានគណកម្មាធិការសាខា បានអនុញ្ញាតឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ បានចូលរួមចំណែកធ្វើសង្គហទានរួមគ្នា ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងខេត្តបាត់ដំបង ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ដែលត្រូវការឲ្យជួយជាចាំបាច់។
ក្នុងនាម លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា លោក ងី សែត បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លា ចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់ ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅ អធិការវត្តក្នុងក្រុងបាត់ដំបង ដែលបានឧបត្ថម្ភអំណោយជាសម្ភារៈ និងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ជាមួយគ្នានេះ លោក ងី សែត បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លារបស់ព្រះមន្រ្តីសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២៨ គណៈមហានិកាយនៃសាលាអនុ គណក្រុងបាត់ដំបង ដែលតែងតែបានចែករំលែកនូវទេយ្យទាន ទាំងអស់នេះ មកជូនសាខាកាកបាទក្រហមកម្ពុជាខេត្តជារៀងរាល់ឆ្នាំ
នេះជា លើកទី២ ក្នុងឆ្នាំ២០២៤នេះ ដើម្បីឱ្យសាខាអាចចុះបំពេញប្រតិបត្តិការងារមនុស្សធម៌បានជាបន្តបន្ទាប់ទៀត។
លោកបានបញ្ចាក់ផងដែរថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។
លោកបានបន្ថែមថា រយៈពេល១០ខែឆ្នាំ២០២៤នេះសាខាខេត្តបាត់ដំបង អនុសាខាក្រុងស្រុក បានផ្តល់អំណោយមនុស្សធម៌ជូនដល់ ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ បានចំនួន១៣៥លើក ស្មើនឹង១,២១៦គ្រួសារ ក្នុង ក្រុង ស្រុកទាំង១៤នៃខេត្តបាត់ដំបង ។
អំណោយដែលសាខាទទួលបាននាពេលនេះរួមមាន៖ បច្ច័យ១,៨០០,០០០ រៀល,អង្ករ១,៣១០ គីឡូក្រាម,មី៤៧កេស,ទឹកត្រី, ៣៩ យួរ,ទឹកស៊ីអ៊ីវ៣៧ យួរ និងគ្រឿងឧបភោគ-បរិភោគ សម្ភារ ប្រើប្រាស់សរុប ១១ មុខផ្សេងទៀតផងដែរ៕