(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទគ្រួសារអាស៊ីលើកទី៤ នៅសិង្ហបុរីនាព្រឹកថ្ងៃទី៦ ខែ​វិច្ឆិកា លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួប​ដាច់​ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael George សែរាជវង្សអង់គ្លេស និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Care for Children ដើម្បីជាការ​សម្តែង​ការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Michael George និងលោកបណ្ឌិត Robert Glover ក៏បាន​អញ្ជើញ​លោករដ្ឋមន្ត្រី ដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារ នៅចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២៥ ខាងមុខ។ ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានទទួលយក​ការអញ្ជើញនេះ។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ និងលោកនាយកប្រតិបត្តិ​អង្គការ ដែលបានសហការក្នុងការបំពេញបេសកកម្មរបស់ខ្លួន តាមរយៈការអនុវត្តគម្រោងថែទាំ​កុមារ​នៅកម្ពុជា ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ។

ព្រះអង្គម្ចាស់ Michael George និងលោកបណ្ឌិត Robert Glover បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Care for Children ដោយបានបញ្ជាក់ថា អង្គការនៅតែបន្តសហការគាំទ្រ តាមរយៈការចូលរួមអភិវឌ្ឍ និងពង្រឹងការអនុវត្តគោលនយោបាយ លិខិតបទដ្ឋានពាក់ព័ន្ធ ការកសាងសមត្ថភាពមន្ត្រី បុគ្គលិក​សង្គម ព្រមទាំងសហការជាមួយមណ្ឌលថែទាំកុមាររបស់រដ្ឋ និងបន្តពង្រីកទៅខេត្តគោលដៅអាទិ​ភាព​​ផ្សេងទៀត។

ក្នុងឱកាសនោះ លោក ជា សុមេធី បានលើកឡើងពីការបន្តគាំទ្រចំពោះកិច្ចសហការរបស់ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអង្គការក្នុងដំណាក់កាលទី២ និងជាបន្ត​បន្ទាប់ ដោយក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបន្តកិច្ចសហការល្អ​ក្នុងភាពជាដៃគូជាមួយអង្គការ ព្រមទាំងលើកទឹកចិត្តដល់អង្គការ Care for Children ឱ្យពង្រីក​គម្រោង​កម្មវិធីទៅខេត្តគោលដៅអាទិភាពផ្សេងទៀតក្រៅពីខេត្តដែលមានស្រាប់៕