(យូណាន, ចិន)៖ ក្រុមហ៊ុនជំនាញផ្នែកកសិកម្មមួយរបស់ចិន​ បានបង្ហាញបំណងវិនិយោគលើ​វិស័យ​កសិកម្មនៅកម្ពុជា ជាពិសេសការបង្កើតរោងចក្រកែច្នៃទុរេន ដើម្បីនាំចេញទៅប្រទេសចិន។

បំណងនេះ ត្រូវបានលើកឡើងដោយលោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិក​ក្រុមហ៊ុន Zhengzhou Chen’s Sun ក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅ​ទីក្រុង​គុន​មិញ ខេត្តយូណាន ប្រទេសចិន។

ក្នុងជំនួបនោះ លោកស្រីប្រធានក្រុមហ៊ុនបានជម្រាបសម្ដេចបវរធិបតីថា លោកស្រីធ្លាប់មកទស្សនា​ប្រទេស​កម្ពុជា ក្នុងឆ្នាំ២០១៨ និងពិនិត្យឃើញថា កម្ពុជាមានសក្ដានុពលខ្លាំងខាងវិស័យកសិកម្ម ជាពិសេស គឺឧស្សាហកម្មផ្លែឈើ (ដំណាំទុរេន)។ លោកស្រីប្រធានក្រុមហ៊ុនមានចាប់​អារម្មណ៍​វិនិ​យោគលើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសដំណាំទុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញ​ទៅទី​ផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត។ តាមរយៈការវិនិយោគនេះ នឹងចូលរួមចំណែកបង្កើត​ការ​ងារ បង្កើនប្រាក់​ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន​លើការវិនិយោគ​ខាងវិស័យកសិកម្ម ជាពិសេសដំណាំទុរេននៅកម្ពុជា។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលលើផលិតផលកសិកម្មច្រើនប្រភេទ ដែលវិនិយោគិនអាចនាំ​ចេញ​ទៅកាន់ទីផ្សារក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង។ សម្ដេចបវរធិបតីបានលើកទឹកចិត្ត​ក្រុម​ហ៊ុនឱ្យបន្តពិភាក្សាលម្អិត និងសហការជាមួយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុង​ស្រុក សំដៅប្រែក្លាយផែនការវិនិយោគរបស់ក្រុមហ៊ុន ឱ្យចេញលទ្ធផលជាក់ស្ដែង ក្នុងពេលដ៏ខ្លី​ខាង​មុខ៕