(យូណាន, ចិន)៖ ក្រុមហ៊ុន Zhongjiao Tongli ដែលជាក្រុមហ៊ុនកំពុងវិនិយោគលើការដាំចេក និងស្វាយនៅកម្ពុជា បានបង្ហាញបំណងពង្រីការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា ជាមួយលោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli នៅទីក្រុងគុនមិញ ខេត្ត​យូណាន ប្រទេសចិន នាព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានគូសរំលេចថា កម្ពុជា គឺជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកាលានុវត្តភាព និងកត្តាអំណោយផលខ្ពស់សម្រាប់ការវិនិយោគ​។ លោកប្រធានក្រុមហ៊ុនបានជម្រាបសម្ដេចបវរធិបតីថា ក្រុមហ៊ុន Zhongjiao Tongli មានមូល​ដ្ឋាន​នៅក្រុងស៊ីអាន (Xi'an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។

ក្រុមហ៊ុនក៏បាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា មានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុនក៏មានបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម នៅក្នុងខេត្តរតនគិរី និងខេត្ត​មណ្ឌល​គិរីបន្ថែមទៀតផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្តីសោមន្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះ​ក្រុម​ហ៊ុន ដែលបានវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពទៅលើ​វិស័យ​កសិកម្ម និងបន្តគាំទ្រការវិនិយោគលើវិស័យនេះនៅកម្ពុជា។

ជាមួយគ្នានោះ សម្ដេចបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោ​បាយ​លេីក​ទឹកចិត្តការវិនិយោគនៅខេត្តភាគឦសាន ហើយផ្អែកតាមគោលនយោបាយនេះ ក្រុមហ៊ុនអាច​ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀតនៅតំបន់នោះ។ ពាក់ព័ន្ធនឹងលទ្ធភាពនៃការពង្រីការ​វិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន​បន្តសហ​ការ និង​ពិភាក្សាបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា៕