(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើដល់មន្ដ្រីជំនាញ និងអ្នកផ្ដល់សេវាសុខាភិបាលទោះក្នុងស្ថាប័នរដ្ឋ ឬឯកជន និងនៅតាមអង្គការក្រៅរដ្ឋាភិបាលក៏ដោយ ត្រូវរួមគ្នាតែមួយ គឺការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនយើងទូទាំងប្រទេស ហើយក្នុងបរិបទនេះ គឺការធ្វើឱ្យប្រសើរឡើងក្នុងការប្រយុទ្ធនឹងជំងឺមហារីកសម្រាប់ប្រជាជនកម្ពុជា។

ការថែ្លងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ហ៊ុន ចំរើន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការជាតិ ប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការអញ្ជើញជាអធិបតីភាពពីលោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកសាស្ដ្រាចារ្យ ហ៊ុន ចំរើន បានថ្លែងបន្ដថា «នៅពេលដែលឃើញអ្នកជំងឺមហារីក យើងមិនត្រឹមតែចាត់ទុកគាត់ជាអ្នកជំងឺ ជាជនរងគ្រោះដ៏សត់នោះទេ ប៉ុន្ដែយើងមានបេសកកម្មមួយទៀត គឺបើកចិត្ដឱ្យទូលាយ ដោយគិតថាអ្នកជំងឺទាំងអស់ គឺត្រូវការជំនួយ ត្រូវការក្ដីសណ្ដោះប្រណីពីយើង ប្រកបដោយភាពមុតមាំ និងភាពកក់ក្ដៅ ក្នុងការពិនិត្យថែទាំព្យាបាលជូនពួកគាត់ឱ្យទាន់ពេលវេលា និងផ្ដោតលើគុណភាពសេវាថែទាំជាការសំខាន់ សូមធ្វើឱ្យបាននៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់» ។

លើសពីនោះសូមឱ្យអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្រសុខាភិបាល ជាពិសេសផ្នែកជំងឺមហារីក មេត្ដាធ្វើឱ្យជីវិតរបស់ខ្លួនមានពន្លឺ ឱ្យមានការទទួលស្គាល់ពីសង្គមជាតិ ហើយជួយសង្គមជាតិនេះផង។ ជាងនេះទៅទៀតត្រូវរួមគ្នាលើកកម្ពស់វេជ្ជសាស្ដ្រ ក្រមសីលធម៌ កុំសូមយកវិជ្ជាពេទ្យទៅធ្វើជាមុខជំនួញ ហើយខុសបច្ចេកទេស សូមចូលរួមកែលម្អប្រព័ន្ធសុខាភិបាលទាំងអស់គ្នា។

លោកសាស្ដ្រាចារ្យបានថ្លែងទៀតថា យើងគ្រប់គ្នាបានដឹងហើយថា នៅក្រោមម្លប់នៃសន្ដិភាព សុខសុវត្ថិភាពនៅក្នុងសង្គម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាបិតាសន្ដិភាព និងជាប្រធានព្រឹទ្ធសភា និងមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា, ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានដាក់បន្ដនូវគោលដៅដោះស្រាយបញ្ហាប្រឈមធំៗ ក្នុងនោះមានផែនការប្រយុទ្ធនឹងជំងឺមហារីក ដែលជាជំងឺដ៏កាចសាហាវ នឹងដែលបានកំពុងបង្កផលប៉ះពាល់ខ្លាំងឡើងៗដល់មនុស្សជាតិ មិនថានៅកម្ពុជា និងទូទាំងសកលលោក ។

«បច្ចុប្បន្នជំងឺមហារីកបានក្លាយជាប្រធានបទមួយ ហើយជាបញ្ហាប្រឈមថ្មីមួយ នៅក្នុងវិស័យសុខាភិបាល ដោយសារការកើនឡើងនៃចំនួនករណីថ្មី និងអត្រាមរណភាពដោយសារជំងឺនេះ។កត្ដាជីវសាស្ដ្រ និងវិទ្យាសាស្ដ្រមួយសំខាន់ ដែលមិនអាចប្រកែកបាន គឺកើនឡើងនូវសង្ឃឹមរស់បានយូរ ហើយជំងឺមិនឆ្លងរុំារ៉ៃ ក៏កាន់កើនឡើងច្រើន ជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដែលជាកត្ដាមួយក្នុងកត្ដាជាច្រើន ក្នុងនោះមានករណីជំងឺមហារីកផងដែរ។ ម្យ៉ាងទៀតអាស្រ័យលើការផ្សព្វផ្សាយមានភាពទូលំទូលាយ និងសមត្ថភាពធ្វើរោគវិនិច្ឆ័យកាន់តែទំនើបប្រសើរឡើង​ ទើបយើងអាចរកឃើញ ហើយរាយការណ៍ពីករណីជំងឺមហារីកថ្មីកាន់តែច្រើន»។

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យបានក៏ស្នើដល់មូលដ្ឋានសុខាភិបាលទាំងអស់ បន្ដធ្វើការផ្សព្វផ្សាយអប់រំបន្ថែម ដល់អ្នកជំងឺ គ្រួសារអ្នកជំងឺ និងក្នុងសហគមន៍​ ឱ្យបានយល់ពីបញ្ហាជំងឺមហារីកមួយនេះ ដើម្បីឈានទៅការរុករកឃើញឱ្យបានឆាប់ក្នុងដំណាក់កាលដំបូង៕