(គុនមីង)៖ បណ្តាក្រុមហ៊ុន សហគ្រាសសំខាន់ៗនៅខេត្តយូណានសរុបចំនួន១៧ បានឯកភាពថានឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា រៀបចំព្រឹត្តិការណ៍រួមគ្នា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចិនពីខេត្តយូណានមកទស្សនាកម្ពុជា ពិសេសមកកាន់ខេត្តសៀមរាបឱ្យបានកាន់តែច្រើន។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសសំខាន់ៗរបស់ខេត្តយូណាន សរុបចំនួន១៧ ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច និងនាំភ្ញៀវទេសចរ ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ រួមជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឆ្លៀតឱកាសនៃការអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១។
ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តថ្មីៗរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់បានឯកភាពថានឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នារៀបចំព្រឹត្តិការណ៍រួមគ្នា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចិនពីខេត្តយូណានមកទស្សនាកម្ពុជា ពិសេសមកកាន់ខេត្តសៀមរាបឱ្យបានកាន់តែច្រើន៕