(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការផ្ញើសារអបអរសាទររបស់មេដឹកនាំកម្ពុជាចំពោះជ័យជំនះរបស់ លោក ដូ ណាល់ត្រាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក គឺជាឥរិយាបថនៃប្រទេសជាមិត្ត ខណៈដែលកម្ពុជា គ្មានសត្រូវនៅលើឆាកតំបន់ និងឆាកអន្តរជាតិនោះទេ។

លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខ ពិសេសឆ្នាំ២០២៥ គឺជាខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-អាមេរិក។ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ដែថា ក្នុងឋានៈកម្ពុជាជាប្រទេសសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក កម្ពុជាក៏ប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំល្អ។

ការបញ្ជាក់បែបនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ដូចបណ្ដាថ្នាក់ដឹកនាំប្រទេសផ្សេងៗក្នុងសកលលោកដែរ គឺសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏បានផ្ញើសារអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ដែលទើបតែជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ដូច្នេះប្រតិកម្មរបស់កម្ពុជា គឺជាឥរិយាបថនៃប្រទេសជាមិត្ត ខណៈដែលកម្ពុជាគ្មានសត្រូវនៅលើឆាកតំបន់ និងឆាកអន្តរជាតិនោះទេ កម្ពុជាមានតែចង់ធ្វើជាមិត្តនៃបណ្ដាប្រទេសទាំងតូចទាំងធំនៅលើសកលលោក។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខតទៅ ហើយដូចនៅក្នុងលិខិតអបអរសាទររបស់សម្ដេចមហាបវរធិបតីអីចឹង គឺនៅឆ្នាំ២០២៥ខាងមុខ ក៏ជាខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជានិងសហរដ្ឋអាមេរិកដែរ ដែលនោះគឺជាឱកាសដ៏ល្អបំផុតសម្រាប់ពង្រឹកទំនាក់ទំនងប្រទេសទាំងពីរ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បន្តយ៉ាងដូច្នេះថា «ម្ល៉ោះហើយ ក្នុងឱកាសខួបលើកទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតនេះ កម្ពុជាប្រាថ្នាចង់ឃើញការពង្រឹងមិត្តភាពឱ្យកាន់តែមាំទាំ ខណៈក្នុងគ្នានេះកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ប្ដេជ្ញាចិត្តថានឹងយកឱកាស រកមធ្យោបាយធ្វើយ៉ាងណាពង្រឹងមិត្តភាពរវាងអាស៊ាន និងអាមេរិកឱ្យកាន់តែជាប់លាប់រឹងមាំល្អ»។

សូមជម្រាបថា នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូនដល់លោក ដូណាល់ ជេ. ត្រាំ (Donald J. Trump) ដែលនឹងក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។ ក្នុងការបោះឆ្នោតនេះ លទ្ធផលបណ្តោះអាសន្នគឺ លោក ដូណាល់ ត្រាំ ទទួលបានអាសនៈចំនួន ២៧៧ ខណៈលោកស្រី កាម៉ាឡា ហារីស ទទួលបានអាសនៈចំនួន ២២៦៕