(ភ្នំពេញ)៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានបង្ហោះសារអបអរសាទរកម្ពុជា ដែលឈ្នះ ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក ជាលើកទី៦។

លោកឯកអគ្គរដ្ឋទូតបានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួនដូច្នេះថា «អង្ករក្រអូបកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក (World Best Rice) ជាលើកទីប្រាំមួយនៅក្នុង កម្មវិធី «សន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៤» ដែលជាការបញ្ជាក់កាន់តែច្បាស់ជាថ្មីម្ដងទៀត អំពីគុណភាពនៃអង្ករក្រអូបកម្ពុជា។ សូមចូលរួមអបអរសាទរ»

សូមជម្រាបថា ប្រទេសចិន គឺជាទីផ្សារនាំចេញអង្ករដ៏ធំរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង បានចំនួន ២១២ ៧៥៦តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨​លានដុល្លារ។ សម្រាប់១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញអង្ករទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៩៣ ១៩៧ តោន គិតជាទឹកប្រាក់ចំនួន ៦១.៤៨ លានដុល្លារសហរដ្ឋអាមេរិក។

សូមជម្រាបថា អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អ​ផ្តាច់គេ​លើពិភពលោក នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤» នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក៕