(ភ្នំពេញ)៖ លោក Chen Cong អគ្គទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានថ្លែងថា ស្ថានទូត នឹងគាំទ្ររាល់សកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្នុងគ្រប់វិស័យតាមទម្រង់ខុសៗគ្នា។
លោកថ្លែងបែបនេះ ក្នុងកម្មវិធីបើក «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» លើកទី៨ ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបានប្រព្រឹត្តទៅនៅរោងភាពយន្ត លេជេន សាខាអូឡាំព្យ៉ា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក Chen Cong បានថ្លែងថា ឆ្នាំ២០២៤នេះជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិននិងកម្ពុជា» ដែលកំណត់រួមគ្នា ដោយលោក Xi Jinping ប្រធានរដ្ឋចិន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិមិត្តសញ្ញាមួយ ក្នុងប្រវត្តិសាស្ត្រផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ។ ពីដើមឆ្នាំមក សកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍នានា បានរៀបចំឡើងជាបន្តបន្ទាប់ដូចជា៖ ពិធីចាប់ដំណើរការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិននិងកម្ពុជា» សកម្មភាព «រីករាយបុណ្យចូលឆ្នាំថ្មីចិន» កម្មវិធីបទសម្ភាសឈ្មោះ «BING BING YOU LI LE» វេទិកាធនាគារគំនិត និងការទូតសាធារណចិននិងកម្ពុជា កម្មវិធីវប្បធម៌«ទឹកតែនិងពិភពលោក» ពិព័រណ៍រូបថត «កម្ពុជា-ចិនក្នុងស៊ុមតែមួយ» ការសន្ទនារវាងយុវជនចិននិងកម្ពុជា ការផ្លាស់ប្តូរក្បាច់គុនចិននិងខ្មែរដូចជា «ការសម្តែងក្បាច់គុនសៅលីញ
និងគុនល្បុក្កតោនៅអង្គរ» «ការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ - សៅលីញ ហឺណាន-កម្ពុជា» ជាដើម ការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិននិងកម្ពុជា កាន់តែញឹកញាប់។
លោក Chen Cong បានបញ្ជាក់ថា «មិត្តភាពរវាងចិននិងកម្ពុជាចាក់ឫសយ៉ាងជ្រៅ ខណៈការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជនបាន ដំណើរការរហូតមក មិនដែលអាក់ខាននោះទេ។ ស្ថានទូតចិនប្រចាំនៅកម្ពុជានឹងគាំទ្ររាល់ សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជន ក្នុងគ្រប់វិស័យតាមទម្រង់ខុសៗគ្នា ដែលក្នុងនោះបូករួម ទាំងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យភាពយន្ត និងទូរទស្សន៍រវាងចិននិងកម្ពុជា ផងដែរ»។
លោកបន្តថា «ខ្ញុំជឿជាក់ថា ការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជន ដែលប្រកបដោយភាពរស់រវើកនឹងបំពេញបន្ថែម នូវខ្លឹមសារកាន់តែសម្បូរបែប ដល់មិត្តភាពដែកថែបចិននិងកម្ពុជា ដើម្បីពង្រឹងមូលដ្ឋានដួងចិត្តរបស់ ប្រជាជនឲ្យកាន់តែរឹងមាំ សម្រាប់ការរួមគ្នាកសាងសហគមន៍រួមជោគវាសនាចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់»។
ជាមួយគ្នានេះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានកោតសរសើរខ្ពស់ចំពោះការលះបង់ និង ការខិតខំប្រឹងប្រឹងរបស់ក្រុមចាក់បញ្ចាំងភាពយន្ត សហការដោយភាគីកម្ពុជា និង ភាគីចិន ក្នុងការនាំយកភាពយន្តទៅចាក់បញ្ចាំងជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ភូមិស្រុកជនបទដាច់ស្រយាល បានទស្សនា។ លោក ហាប់ ទូច បានថ្លែងថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងមានការគាំទ្រកាន់តែច្រើនឡើងៗពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមទស្សនា យ៉ាងច្រើនកុះកររាល់ការចាក់បញ្ចាំងភាពយន្តនៅតាមតំបន់នានាក្នុងបណ្តារាជធានី-ខេត្ត។ តាមរយៈខ្សែភាពយន្តទាំងនេះ ប្រជាជនកម្ពុជាមានឱកាសបានស្វែងយល់កាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត និងសង្គមបច្ចុប្បន្នរបស់ប្រទេសចិន។
លោក ហាប់ ទូច បានថ្លែងបន្តទៀតថា វិស័យវប្បធម៌រួមចំណែកដ៏សំខាន់ ជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រវាងសង្គមនិងសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍ជោគវាសនារួម ដោយការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។ ការរៀបចំព្រឹត្តិការណ៍ដំណើភាពយន្តចល័តកម្ពុជា-ចិននេះ ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែក លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាងនេះទៀត ឆ្នាំ២០២៤នេះ គឺជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» ប្រកបដោយគុណតម្លៃ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលនាំមកនូវ សុខសន្តិភាព និងវិបុលភាពរួម។
លោក An Xiaoyu និពន្ធនាយករងប្រចាំការនៃ CGTN និង ជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា តាមរយៈប្រព័ន្ធវីដេអូ ដោយបានលើកឡើងថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» នេះ មិនត្រឹមតែជាការចែករំលែកសិល្បៈភាពយន្តមួយលើកប៉ុណ្ណោះទេ តែក៏ជាឱកាសសម្រាប់ទំនាក់ទំនងវប្បធម៌ និង ទំនាក់ទំនងមនោសញ្ចេតនា មួយដែលកម្ររកបានផងដែរ»។
ក្នុងព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» ដែលបានចាប់ផ្ដើមរៀបចំធ្វើតាំងពីឆ្នាំ២០១៦មក ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន ដែលសហការរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និង នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើដំណើរឆ្លងកាត់ ២៥ រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដោយបាននាំមកនូវភាពយន្តកម្ពុជាចិនដ៏ឆ្នើម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មកចាក់បញ្ចាំងជូនប្រជាពលរដ្ឋជាង ១សែននាក់ ក្នុងភូមិស្រុកទូទាំងប្រទេសកម្ពុជា បានទស្សនា ធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍ផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិនដ៏មានសារៈសំខាន់មួយ
ក្រោយពីដំណើរភាពយន្តចល័តនេះ ត្រូវបានប្រកាសបើកជាផ្លុវការ ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន នឹងបន្តដំណើរចាក់បញ្ចាំងភាពយន្តចល័តនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង ខេត្តកណ្ដាល ចាប់ពីខែវិច្ឆិកា ដល់ពាក់កណ្ដាលខែធ្នូ ដោយមានចាក់បញ្ចាំងនូវភាពយន្តខ្មែរ និង ភាពយន្តចិន ដូចជា រឿង «ជីវិតលើភ្លើង» រឿង «ខ្ញុំមិនមែនជាអ្នកស្នងមរតកទេ» និង រឿង «លោកប្ដី» ជាដើម៕