(ភ្នំពេញ)៖ «ជីវិតលើភ្លើង» ដែលជាខ្សែភាពយន្តចិន អប់រំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ត្រូវបានយកចាក់បញ្ចាំង ក្នុងកម្មវិធី «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» លើកទី៨។ វាជាខ្សែភាពយន្តមួយ ក្នុងចំណោម ២ទៀត រួមមាន «ខ្ញុំមិនមែនជាអ្នកស្នងមរតកទេ» និង «លោកប្ដី» ដែលត្រូវបានជ្រើសរើស ដើម្បីយកមកបម្រើចក្ខុ ប្រជាជនកម្ពុជាតាមមូលដ្ឋាន។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជានិងចិន នឹងដំណើរចាក់បញ្ចាំងភាពយន្តចល័ត នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង ខេត្តកណ្ដាល ចាប់ពីខែវិច្ឆិកា ដល់ពាក់កណ្ដាលខែធ្នូ។

កម្មវិធីបើក «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» លើកទី៨ សហការរៀបចំឡើងដោយមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CGTN) ស្ថានទូតចិនប្រចាំនៅកម្ពុជា និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបានប្រព្រឹត្តទៅនៅរោងភាពយន្ត លេជេន សាខាអូឡាំព្យ៉ា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក Chen Cong អគ្គទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងតំណាងមន្ត្រីរាជការ ក្រសួងស្ថាប័ន សហគ្រាស សិស្សនិស្សិត និង ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមកពីប្រទេសចិន និង កម្ពុជា បានមានវត្តមានអញ្ជើញចូលរួមក្នុងពិធីបើកនេះ និងបានទស្សនាភាពយន្តចិន រឿង «ជីវិតលើភ្លើង» ដែលមានបញ្ចូលសំឡេងជាភាសាខ្មែរ។

ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» ដែលបានចាប់ផ្ដើមរៀបចំធ្វើតាំងពីឆ្នាំ២០១៦មក ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន ដែលសហការរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និង នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើដំណើរឆ្លងកាត់ ២៥ រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដោយបាននាំមកនូវភាពយន្តកម្ពុជាចិនដ៏ឆ្នើម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មកចាក់បញ្ចាំងជូនប្រជាពលរដ្ឋជាង ១សែននាក់ ក្នុងភូមិស្រុកទូទាំងប្រទេសកម្ពុជា បានទស្សនា ធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍ផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិនដ៏មានសារៈសំខាន់មួយ៕