(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន PowerChina Group Limited និងក្រុមហ៊ុនបុត្រសម្ព័ន្ធ SinohydroCorporation Limited ដឹកនាំដោយលោក ចូវ ចាយអ៉ី (Zhou Jiayi) អនុប្រធានប្រតិបត្តិ និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹកនិងឧតុនិយម។

សូមជម្រាបថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Sinohydro Corporation Limited បានសហការជាមួយក្រសួងធនធានទឹកនិងឧតុនិយមអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹកជាច្រើន ក្នុងបណ្តាឆ្នាំកន្លងមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដូចជា៖ ទី១) គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែង ជំហានទី១ ក្នុងខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ទី២) គម្រោងអភិវឌ្ឍន៍ធារាសាស្ត្រអាចាង ក្នុងខេត្តកំពង់ឆ្នាំង ទី៣) គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្ទោង ជំហានទី១ ក្នុងខេត្តកំពង់ធំ និង ទី៤) គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែង ជំហានទី២ ក្នុងខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រីបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានារវាងក្រសួងធនធានទឹកនិងឧតុនិយម និងក្រុមហ៊ុននាពេលកន្លងមកលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានថ្លែងនូវការ គាំទ្របន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុន និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកផែនការវិនិយោគលើវិស័យធនធានទឹកនៅកម្ពុជា ដើម្បីឱ្យកាន់តែមានសក្តានុពល ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទន្ទឹមនឹងនោះ ពាក់ព័ន្ធនឹងផែនការអនុវត្តការងារនៅជំហានបន្តបន្ទាប់ លោករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមហ៊ុនជួយជំរុញ និងសម្របសម្រួលខាងភាគីចិន ហើយ ក្រសួងធនធានទឹកនិងឧតុនិយមនឹងធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យគម្រោងទាំងនេះទទួលបានជោគជ័យ៕