(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំថ្វាយទាន ធូប ផ្កាភ្ញី ភ្លេងពិណពាទ្យ និងគ្រឿងរន្តាប់បូជា ជូនព្រះអង្គចៅសែន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត ជាលើកទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៩-១០ ខែវិច្ឆិកាស្អែកនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ។
ពិធីនេះត្រូវបានធ្វើឡើង នៅ៣ទីតាំងផ្សេងៗគ្នា គឺនៅទីគោរពបូជា ព្រះអង្គចៅសែន លើបូរីវប្បធម៌កោះសំពៅមាស ព្រះអង្គចៅសែន ក្នុងបរិវេណសាលាខេត្ត និងបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដែលស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។
លោក ខូយ រីដា និងលោក ម៉ក់ រ៉ា ក៏បានបួងសួងសុំឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បារមីព្រះអង្គចៅសែន និងបារមីរក្សាការពារ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ សូមតាមជួយថែរក្សាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឱ្យបម្រើការងារជូនរាជរដ្ឋាភិបាល ប្រកបដោយជោគជ័យ ប្រជាពលរដ្ឋមានមុខរបរ បង្កបង្កើនផល ទទួលបានភោគផលច្រើន និងចៀសផុតពីគ្រោះចង្រៃផ្សេងៗ។ ម្យ៉ាងវិញទៀត សូមឱ្យដំណើរការពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត ជាលើកទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៩-១០ ខែវិច្ឆិកាស្អែកនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋផងដែរ។
គួរជម្រាបជូនថា លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដែលមានភាពល្បីល្បាញ និងពូកែស័ក្កិសិទ្ធ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ក្នុងនិងក្រៅប្រទេស តែងតែចូលគោរពអុជធូបបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ពីបារមីលោកឧកញ៉ា ស្ទើរតែគ្រប់ៗគ្នា ទោះបីរូបរាងកាយរបស់លោក បានផុតរលត់ក៏ដោយ។ ដូច្នេះហើយបានជារៀងរាល់មានបុណ្យទានម្តងម្កាល ពិសេសជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្ត តែងធ្វើពិធីឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ មិនដែលអាក់ខាន ដើម្បីរំលឹកនូវគម្រូវីរភាពដ៏ អង់អាចក្លាហាន ដល់មនុស្សជំនាន់ក្រោយផង និងសុំសេចក្ដីសុខ សេចក្ដីចម្រើនផង៕