(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូក្រសួង អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពព្រះ វិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងបន្តដំណើរទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤។
ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ត្រូវបានប្រារព្ធឡើងដើម្បីរម្លឹក និងចងចាំជានិច្ចនូវឧបការគុណរបស់បុព្វបុរស ជាពិសេសយុទ្ធជនខ្មែរ ដែលបានពលីជីវិតដើម្បីជាតិ និងប្រជាជន។
មួយវិញទៀត គឺដើម្បីរំលឹកអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត តស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដ ជូនប្រជាជាតិទាំងមូល ។
ព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យ ការកសាងជាតិ ការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹក គឺពិតជាស្ថិតនៅក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូប ដោយគ្មានថ្ងៃបំភ្លេចបានឡើយ៕