(ភ្នំពេញ)៖ កូនផ្សោតកើតថ្មីមួយក្បាលទៀត ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ​នៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន២ទៀត។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ បានឱ្យដឹងថា នេះគឺជាកូនផ្សោតទី៩ ដែលបានកើតនៅក្នុង​ឆ្នាំ២០២៤ ជាអត្រាកំណើតច្រើនពុំធ្លាប់មានទេ បើគិតចាប់តាំងពីឆ្នាំ ២០២១មក។

ក្រសួងបានឱ្យដឹងថា នៅឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល និងផ្សោតស្លាប់​ចំនួន ៩ក្បាល។ នៅឆ្នាំ២០២២ ផ្សោតកើតថ្មីមានចំនួន ៦ក្បាល និងស្លាប់ទៅវិញចំនួន ១១ក្បាល។ ចំណែកឆ្នាំ២០២៣ មានផ្សោតកើតចំនួន ៨ក្បាល និងស្លាប់ចំនួន៥ក្បាល និងនៅឆ្នាំ២០២៤ គិតត្រឹមដើមខែវិច្ឆិកា ផ្សោតកើតមានចំនួន ៩ក្បាល និងស្លាប់ទៅវិញចំនួន ៣ក្បាលប៉ុណ្ណោះ។

ផ្សោតជាសម្បត្តិដ៏កម្រមួយ ហើយក៏ត្រូវបានចាត់ទុកជាសម្បត្តិជលផល​ដ៏ពិសេសក្នុង​ដង​ទន្លេមេ​គង្គ​របស់កម្ពុជាផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ផ្សោតបានរងការគំរាមកំហែងខ្លាំង ដោយសារសកម្មភាពបទល្មើសនានា ជាពិសេសបទល្មើសឆក់តែម្តង។ ឆ្លើយតបបញ្ហានេះ នៅខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេល​នោះ បានប្រកាសដាក់ចេញវិធានការក្តៅដោយឱ្យអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ រួមគ្នាទប់ស្កាត់បទល្មើសនានា ដើម្បីការពារផ្សោតឱ្យមានប្រសិទ្ធភាព។

ផ្តើមចេញពីបទបញ្ជាក្តៅរបស់សម្តេចតេជោនាពេលនោះ អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និង​ក្រោមជាតិ ជាពិសេសក្រុមឆ្មាំទន្លេ បានធ្វើការងារល្បាត និងបង្ក្រាបបទល្មើសនានាយ៉ាង​សស្រាក់​សស្រាំ។ ជាពិសេសបានប្រឹងប្រែងបង្ក្រាបបទល្មើសឆក់ ដែលត្រូវបានរកឃើញថា ជាមូលហេតុ​ចម្បង​នាំឱ្យផ្សោតងាប់ និងប៉ះពាល់ដល់ការបង្កកំណើត។

តាមរយៈកិច្ចប្រឹងប្រែងទាំងនេះ ធ្វើឱ្យស្ថានភាពរបស់ផ្សោតមានកំណើននៃកំណើតឡើងវិញ ហើយអត្រាស្លាប់ក៏មានការថមថយផងដែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អរគុណឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និងការពារធនធានជលផល ដែលជារតនាសម្បត្តិរបស់ជាតិដ៏មានតម្លៃ។

ក្រសួងក៏បានអំពាវនាវដល់ប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មាន​មក​សមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕