(ព្រៃវែង)៖ ដោយទទួលបានការណែនាំពីសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៦​ ក្នុង​ចំណោម​មន្ទីរពេទ្យ​បង្អែក​ស្រុក​ទាំង​១១​ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង​ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨​ខែវិច្ឆិកា​ ឆ្នាំ២០២៤។​

មន្ទីរពេទ្យបង្អែកស្រុកទាំង៦​ រួមមាន មន្ទីរពេទ្យបង្អែកអ្នកលឿង​ មន្ទីរពេទ្យបង្អែកកំពង់ត្របែក​ មន្ទីរពេទ្យបង្អែកពាមជរ​ មន្ទីរពេទ្យបង្អែកព្រះស្តេច​ មន្ទីរពេទ្យបង្អែក មេសាង​ និង​មន្ទីរពេទ្យ បង្អែកបាភ្នំ​ ។

ការចុះពិនិត្យនេះអមដំណើរក្រុមការងាររូមមាន លោក​​ សេង​ បញ្ញា​ឫទ្ធិ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង​ លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនីមួយៗ និងលោក​លោកស្រីអភិបាលរងស្រុករដ្ឋបាលនីមួយៗ ។

ក្នុងឱកាសបំពេញបេសកកម្មនេះ លោក​បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង​ ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

លោក​បណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ។ នៅក្នុង​នោះ​ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។ ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាល ស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។

អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព​ ដើម្បី​បង្កើន​សមត្ថភាព​មូលដ្ឋាន​សុខាភិបាល​ ទៅ​តាម​តម្រូវការ​សុខភាព​របស់​ប្រជាពលរដ្ឋ​ ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព៕