(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ (Froukje Boele) ប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជំនួបនេះ ផ្តោតលើកិច្ចពិភាក្សានៃវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពី គម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ ក៏ដូចជាកិច្ចការអាទិភាពក្រោមផែនការសកម្មភាពរួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) សម្រាប់ឆ្នាំ២០២៥។

តាមរយៈជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍លោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ (Froukje Boele) ដែលទើបទទួលតួនាទីជាប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC)។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានសង្ឃឹមថា លោកស្រី Froukje Boele នឹងជួយធ្វើឱ្យមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកស្រី Froukje Boele សូមថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកស្រី និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងជម្រាបជូនពីការងារមួយចំនួនរបស់ ILO-BFC។ លោកស្រី ក៏បានបង្ហាញនូវក្តីរីករាយក្នុងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ទទួលបានប្រសិទ្ធភាពខ្ពស់៕