(កំពង់ឆ្នាំង)៖ ប្រធាន​ស្តីទីមន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក ប៊ុ​ន​ថន សុខា​ណា​រិ​ទ្ធ បាន​បញ្ជាក់​កាលពីពេលថ្មីៗ នេះ​ថា សារមន្ទីរ​ខេត្តកំពង់ឆ្នាំង ​បាន​បើកទ្វារ​ចាំ​ទទួលភ្ញៀវជាតិ ​និង​អន្តរជាតិ ជា​រៀងរាល់ថ្ងៃ ក្នុង​ពេល​ម៉ោង​ធ្វើការ។

លោកថ្លែង​បែប​នេះ គឺ​ក្នុង​គោលបំណង​ឱ្យភ្ញៀវ​ជាតិ​ ពិសេស​អ្នក​ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​ចូល​ទស្សនា​ នូវវត្ថុ​បុរាណ មាន​ដូច​ជាប្រតិមា កុលា​ល​ភា​ជន៍ និងសមុច្ច័យធ្វើ​អំពី​លោហៈ​ផ្សេង​ៗ​ផង​ដែរ ដែល​ទាំង​អស់នេះ​ជា​ស្នាដៃ​របស់​បុព្វបុរស​យើង ហើយ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ខ្លះ​ពុំដែល​បានឃើញ។ ជាមួយ​នេះ​ លោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ទាំង​ភ្ញៀវ​ជាតិ​ ទាំង​អន្តរជាតិ​ សូម​អញ្ជើញ​មកទស្សនា​ឲ្យ​បាន​គ្រប់​ៗ ​គ្នា​រៀង​រាល់ពេល​ម៉ោង​ធ្វើការ។

លោក​បាន​បញ្ជាក់​បន្ថែមទៀតថា​ កន្លង​មក​សារមន្ទីរ​ បាន​បើកទ្វារ​ជា​យូរណាស់​មក​ហើយ​ ​ប៉ុន្តែ​ពុំ​ទាន់​មាន​ភ្ញៀវ​ទេសចរណ៍​ចេញចូល​ច្រើន​នៅឡើយ​។ ​ដូច្នេះលោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ទាំង​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ ពិសេសមន្រ្តីរាជការនិងប្រជាពលរដ្ឋក្នុងខេត្ត សូមអញ្ជើញ​មក​ទស្សនា​វត្ថុ​បុរាណ​របស់​ខ្មែរ​យើង​ឱ្យបាន​ច្រើន​កុះករ​ នៅរៀងរាល់ថ្ងៃធ្វើការ ពេលព្រឹកចាប់ពីម៉ោង៨:០០នាទីដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង២:០០នាទី ដល់ម៉ោង៥:៣០នាទី៕