(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Daegu Fatima Hospital នៃសាធារណរដ្ឋកូរ៉េ នៅអាគារខេមរានី នៃស.ស.យ.ក រាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងលោកស្រីបណ្ឌិត SUN MIKIM អគ្គនាយកមន្ទីរពេទ្យ Daegu Fatima ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូកូរ៉េមកពី Daegu Fatima និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជាច្រើននាក់ផងដែរ។
គោលបំណងសំខាន់ នៃអនុស្សារណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបន្ថែមជំនាញវេជ្ជសាស្រ្តដល់សមាជិកសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ការជួយគាំទ្រការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្រ្ត និងកិច្ចសហការក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាក្រីក្រនៅតាមទីជនបទដោយឥតគិតថ្លៃប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងការបង្កើនភាពជឿនលឿននូវគុណភាពនៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធវេជ្ជសាស្រ្ដនៅកម្ពុជា ក៏ដូចជាដើម្បីចូលរួមលើកកម្ពស់ស្ថានភាពជីវិត និងគុណភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមទីជនបទឲ្យកាន់តែល្អប្រសើរឡើង។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការផ្លាស់ប្តូរការចែករំលែកព័ត៌មាន និងបទពិសោធន៍ លើវិស័យវេជ្ជសាស្រ្តជាមួយគ្នាសម្រាប់ការអភិវឌ្ឍ សំដៅធ្វើឲ្យប្រសើរឡើងនូវធនធានមនុស្សផ្នែកវេជ្ជសាស្រ្ដនៅ ក្នុងប្រទេសទាំងពីរ ហើយភាគីកូរ៉េក៏បានឯកភាពគាំទ្រដល់បេសកកម្មរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.កតាមរយៈកិច្ចសហការផ្តល់អាហាររូបករណ៍ ឬកម្មវិធីផ្លាស់ប្តូរការបណ្តុះបណ្តាលនានារវាងក្រុមគ្រូពេទ្យរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងក្រុមគ្រូពេទ្យកូរ៉េផងដែរ។
សូមបញ្ជាក់ជូនថា សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី និងលោកស្រី ហើយមកដល់ពេលនេះមានសមាជិកសរុប១២,៩៥៩នាក់ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការពិនិត្យព្យាបាលប្រជាពលរដ្ឋនៅមូលដ្ឋានជិត១លាននាក់ និងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង និងព្យាបាលជំងឺកូវីដ១៩ នាពេលកន្លងមក ព្រមទាំងបានចុះ MOU និងសហការជាបន្តបន្ទាប់ជាមួយក្រុមគ្រូពេទ្យបរទេស និងអន្តរជាតិជាច្រើនដូចជាមកពីកូរ៉េ អាម៉េរិក ចិន ជប៉ុន អូស្ត្រាលី សឹង្ហបុរី បារាំង ជាដើម ដូចជា Starkey International, IMR, Next Step, KOTRA & W-foundation, Global Ocean and Rayout Japan, China Alliance of Trauma Care, MUST, ITRTA, ShenZhen Hospital University, Beijing Hospital University, Mount Elizabeth Hospital ។
រីឯ Daegu Fatima Hospital ជាមន្ទីរពេទ្យដ៏ធំនៅសាធារណរដ្ឋកូរ៉េ មានអាយុកាលជាង១០០ឆ្នាំ មានជំនាញជាង៣១ប្រភេទ ជាពិសេសជំនាញជំងឺមហារីក ហើយកន្លងមកបានចាប់អារម្មណ៍យ៉ាងខ្លាំងលើការងារមនុស្សធម៌របស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ទើបជំរុញឲ្យភាគីទាំងពីរចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ៕