(កោះកុង)៖ រដ្ឋបាលខេតុ្តកោះកុង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ឆ្នាំ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២៤) ក្រោមអធិបតីភាព លោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីរាជការគ្រប់បណ្តាអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរូប។ ពិធីនេះបានរៀបចំឡើងនៅទីតាំងវិមានឯករាជ្យ។

សូមបញ្ជាក់ថា ទិវាប្រកបដោយអត្ថន័យនេះគឺជាការរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីការរំដោះប្រទេស ឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង។

នៅក្នុងអង្គពិធីទាំងមូល សូមសម្ដែងនូវកត្តញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សរជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ៕