(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញប្រារព្ធពិធីបុណ្យរំលឹកខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤។
ការប្រារព្ធពិធីរំលឹកខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅខេត្តព្រៃវែងនេះ មានការចូលរួមពីលោក លោកស្រីជាសមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក.យ៉ាងច្រើនកុះករ នៅទីតាំងសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្រុងព្រៃវែង។
ក្នុងឱកាសនោះលោក ស្បោង សារ៉ាត បានថ្លែងថានៅថ្ងៃទី៩ ខែវិច្ឆិកានេះ ជាខួប៧១ឆ្នាំ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជ បូជនីយកិច្ចដឹកនាំដ៏ ក្លៀវក្លារបស់ ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។ ប្រទេសបារាំង បានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិកម្ពុជាយើង អស់រយៈពេលជិត មួយសតវត្សរ៍ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។
ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាខេត្តបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭក គុណអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យត្រូវបាន ធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ជាកំណត់។ ថ្ងៃ៩ វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យសិស្សានុសិស្ស និស្សិត កម្មករ និយោជិត និងមន្ត្រីរាជការ បានឈប់សម្រាកផងដែរ ដើម្បីចូលរួមអបអរសាទរ។
បើទោះបីព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាតួអង្គដ៏សំខាន់ក្នុងការតស៊ូ ទាមទារឯករាជ្យពីប្រទេសបារាំង បានយាងចូលទិវង្គតអស់រយៈពេល១១ឆ្នាំទៅហើយក្តី តែព្រះស្នាព្រះហស្ថ ដ៏ជាញជ័យក្នុងការនាំ មកនូវសិទ្ធិសេរីភាពពីប្រទេសបារាំង បានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គនៅតែចងចាំ ក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយ នូវព្រះរាជព្រះបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ៕