(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូក ដែលមកពីខេត្តកំពង់ស្ពឺ នៅវត្តប្រជុំសាគរ ក្នុងខណ្ឌជ្រោយចង្វារ ដែលជាទីតាំងក្រុមកីឡាករកំពុងស្នាក់នៅ ដើម្បីចូលរួមការប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក នៅរាជធានីភ្នំពេញ។
នាឱកាសនោះ លោក ហ៊ុន ម៉ានី បានកោតសរសើររដ្ឋបាលខេត្ត គណៈកម្មការគ្រប់គ្រងទូក ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកគ្រូ បង្វឹក និងខិតខំហ្វឹកហាត់សមអុំទូក មុននឹងឡើងមកប្រកួតនៅរាជធានីភ្នំពេញនេះ ដើម្បីលើកស្ទួយមុខមាត់ខេត្តកំពង់ស្ពឺ។
លោកបានថ្លែងអំណរគុណកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួមជួយដល់ទូកខេត្តកំពង់ស្ពឺ និងសូមឲ្យកីឡាករទាំងអស់ ថែទាំសុខភាពឲ្យបានល្អ ដើម្បីត្រៀមខ្លួនចូលរួមកម្មវិធីប្រណាំងទូកថ្នាក់ជាតិ នៅថ្ងៃទី១៤-១៥-១៦ ខាង មុខនេះ។
សូមជម្រាបថា ក្នុងពិធីសំណេះសំណាលនាថ្ងៃនេះ លោក ហ៊ុន ម៉ានី និងក្រុមការងារបាននាំមកជាមួយនូវថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួន ជូនដល់ចំណុះទូកទាំងអស់ក្នុងនោះរួមមាន អង្ករ ១តោន, មី៤កេសធំ, ទឹកបរិសុទ្ធ ២០០កេស, ភេសជ្ជៈ V-Active ១០០កេស និងថវិកា ១០លានរៀល សម្រាប់ចំណុះទូកទាំង៤៕