(ភ្នំពេញ)៖ នៅក្នុងឱកាសខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរជាឱឡារិកប្រកបដោយ ក្តីមោទនៈចំពោះទិវា ដ៏អធិកអធមនេះ ក្នុងគោលបំណងរំលឹកឡើងវិញ និងបន្តលើកស្ទួយវីរភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃព្រះរាជបូជនីយកិច្ច របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលទ្រង់បានតស៊ូទាមទារឯករាជ្យ បានពេញលេញជូនព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ព្រមពេលជាមួយគ្នានេះ ទន្ទឹមនឹងខួបលើកទី៧១ នៃថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមវាយតម្លៃខ្ពស់ចំពោះវីរភាព ពលិកម្ម ការតស៊ូលះបង់គ្រប់បែបយ៉ាងរបស់កងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលស្ថិតនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេស ក្នុងកិច្ចការពារបូរណភាពដែនដី និងអធិបតេយ្យជាតិនៅគ្រប់កាលៈទេសៈ ដែលយុវជនជំនាន់ក្រោយតែងត ចងចាំជានិច្ចមិនអាចបំភ្លេចបាន។

ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា បុណ្យឯករាជ្យជាតិ គឺជាការរំលឹកពីសិទ្ធិស្វ័យសម្រេចលើ ជោគវាសនារបស់ជាតិដោយខ្មែរខ្លួនឯង ទាំងការងារសេដ្ឋកិច្ច សង្គម នយោបាយទាំងក្នុង និងក្រៅប្រទេស ដែលថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា នៅទូទាំងប្រទេសមានមោទនភាព ក្រៃលែងចំពោះអ្វីដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបានដោយខ្លួនឯងក្នុងរយៈពេលប្រមាណ៤៦ឆ្នាំ ចុងក្រោយ ជាពិសេសរយៈពេលជិត២៦ឆ្នាំ បន្ទាប់ពីការសម្រេចបានដោយជោគជ័យនូវការអនុវត្តនយោបាយឈ្នះ-ឈ្នះ ទោះបីកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃ របបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង និងការហ៊ុមព័ទ្ធសេដ្ឋកិច្ច នយោបាយពីបរទេសក៏ដោយ។

ជាមួយឯករាជ្យភាព និងសុខសន្តិភាពពេញលេញនាពេលបច្ចុប្បន្ន កម្ពុជាកំពុងបន្តដំណើរយ៉ាង ស្វាហាប់ជាមួយកំណើនសេដ្ឋកិច្ច សមធម៌សង្គម និងការរីកចម្រើនលើគ្រប់វិស័យឆ្ពោះទៅជាប្រទេសចំនួ មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ចំណែករបស់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់ស្រទាប់ ជាមួយគោលនយោបាយដ៏ត្រឹមត្រូវ និងចក្ខុវិស័យ ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាពេលកន្លងមក និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាពេលបច្ចុប្បន្ន។

ក្នុងស្មារតីនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមគោរពអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដឹកនាំប្រកបដោយ ការទទួលខុសត្រូវ ការលះបង់ និងកិច្ចខិតខំប្រឹងប្រែង ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាពិសេសក្នុងកិច្ចការពារ និងថែរក្សាអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យជាតិ សន្តិភាព ស្ថិរភាព និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជន កម្ពុជាទូទាំងប្រទេស សូមប្ដេជ្ញាបន្តដង្ហែតាមព្រះរាជតម្រិះដ៏ឧត្ដុង្គឧត្តមនៃ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យរួបរួមសាមគ្គី ជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ ព្រមទាំងប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឧត្ដុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបុព្វហេតុ ការពារអនាគតកម្ពុជា ដើម្បីធានាថា កម្ពុជា ជាប្រជាជាតិ មានភាពសម្បូរសប្បាយ, កម្ពុជា មានភាពរឹងមាំនៃខឿនការពារជាតិ និងសន្តិសុខជាតិ, និងដើម្បីកម្ពុជាមានភាពធន់នៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាស៕