(ក្រចេះ)៖ លោក សាន់ ឡាទីន ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាខេត្តក្រចេះ តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់ផ្ទះ ជូនប្រជាពលរដ្ឋក្រីក្រចំនួន៤ខ្នង គោចិញ្ចឹមចំនួន៨ក្បាល និងម៉ាស៊ីនកាត់ដេរចំនួន១ឈុត អាហារូបករណ៍ម្នាក់ សរុបជាថវិកា១៩,១០០អឺរ៉ូ (២០,៦០២ដុល្លារ) នៅខេត្តក្រចេះ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ និងបង្កើតមុខរបរប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។
គម្រោងខាងលើជាគម្រោងហ្សាកាត់ (បរិច្ចាគ) របស់អង្គការហាសាណះអន្តរជាតិ សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។
សូមជម្រាបថា អង្គការអន្តរជាតិ Hasene បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត១០០ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន តាមរយៈអង្គការ CMDF និង IMAC មានដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរពាន គម្រោងជំនួយបរិច្ចាគ ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹមសរុបជាថវិកាជាង២លានដុល្លារអាមេរិក៕