(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំពីធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) និងព្រះរាជពិធីគ្រង ព្រះបរមរាជសម្បត្តិ ខួបលើកទី២០ឆ្នាំ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ពិធីនេះធ្វើឡើងស្ថិតក្រោមវត្តមានលោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានថ្លែងដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង ដោយថ្ងៃនេះរដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំប្រារព្វពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៤ និងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិខួបលើកទី២០ឆ្នាំ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនាថ្ងៃនេះ ប្រារព្ធឡើងដើម្បីសម្ដែងនូវមនោសញ្ចេតនារីករាយ និងអបអរសាទរក្នុងឱកាសព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត និងការរំលឹកដឹងគុណូបការៈ និងស្នាព្រះហស្ថដ៍ឧត្តុង្គថ្លៃថ្លា ក្រោមព្រះរាជបូជនីយកិច្ច ដឹកនាំកម្លាំងប្រដាប់អាវុធ ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ជូនប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ទទួលបានឯករាជ្យពេញបរិបូរណ៍ទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

លោក មាន ចាន់យ៉ាដា បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជាចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ខុប្បន្ន តែងតែដង្ហែតាមព្រះរាជតម្រិះដ៍ថ្លៃថ្លា និងក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងការថែរក្សាសុខសន្តិភាព ឯករាជ្យជាតិ បង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅថែរក្សាការពាររដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័់ សំដៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានថ្លែងដោយធ្វើការប្តេជ្ញាដង្ហែ តាមព្រះរាជតម្រិះដ៍ថ្លៃថ្លារបស់អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រយ៉ាងពេញទំហឹងក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៍ ប្រសិទ្ធិភាព និងចីរភាព ជាមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕