(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ «កសិ-ពាណិជ្ជកម្ម សៀមរាបលើកទី២» រយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងអ្នកកែច្នៃទៅកាន់អ្នកប្រើប្រាស់។
នេះបើតាមការបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីលោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត, លោក សេង ពិចិត្រ ប្រធានគម្រោងអង្គការអាគ្រីស៊ុតប្រចាំប្រទេសកម្ពុជា និងលោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា ព្រមទាំងមានការចូលរួមពីលោក ឆេង សៅឡេង ប្រធានគម្រោងអង្គការហ្គេតប្រចាំប្រទេសកម្ពុជា, លោក Eric BERRIGAUD ប្រធានគ្រប់គ្រងផ្នែកចុងភៅ សណ្ឋាគារសូហ្វីតែអង្គរ, និងលោក ឆេង ពិសិដ្ឋ តំណាងចែកចាយមកពីវិស័យឯកជនក្នុងខេត្តសៀមរាប នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែអង្គរខេត្តសៀមរាប។
ក្នុងឱកាសនោះ លោក ភឿន គឹមលី បានលើកឡើងថា ពិព័រណ៍នេះ គឺដើម្បីបង្កើនការផ្សព្វផ្សាយ ការលក់ និងការគាំទ្រឲ្យមានការប្រើប្រាស់បន្លែសុវត្ថិភាពក្នុងស្រុក។ លោកបន្តថា ក្នុងពិរណ៍នេះដែរ នឹងមានការតាំងលក់ផលិតផលបន្លែ និងផ្លែឈើក្នុងស្រុក កម្មវិធីដាល់អំបុក និងកម្មវិធីប្រកួតចម្អិនអាហារ ដែលចូលរួមដោយសមាគមចុងភៅកម្ពុជាផងដែរ។ ពិព័រណ៍នេះ ក៏ជាផ្នែកមួយជួយឲ្យអ្នកលក់ និងអ្នកទិញបានស្គាល់គ្នា បង្កើនការជឿជាក់ និងទំនុកពីគ្នាទៅវិញទៅមកផងដែរ ថាផលិតផលដែលគេទិញមានប្រភពច្បាស់លាស់ និងសុវត្ថិភាពក្នុងការបរិភោគ។
លោកស្រី ប៉ុល គឹមសាន បានលើកឡើងថា សមាគមនឹងចូលរួមជាមួយមន្ទីរពាណិជ្ជកម្ម និងអង្គការអាគ្រីស៊ុត តាមរយៈការប្រកួតមុខម្ហូបដោយយកបន្លែ និងសាច់ដែលជាផលិតផលក្នុងស្រុក ហើយការងារនេះ គឺដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុក ដែលដាំដុះដោយកសិករខ្មែរ។ លោកស្រីបានបន្តថា ក្នុងនាមជាចុងភៅមួយរូប ដែលតែងតែគាំទ្រផលិតផលក្នុងស្រុកជាយូរមកហើយ ព្រោះថា ផលិតផលទាំងនោះ មានគុណភាពល្អ និងងាយស្រួលរក ស្រស់ ដែលធ្វើឲ្យអាហារមានរសជាតិឆ្ងាញ់។ លោកស្រីក៏ចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបងាកមកគាំទ្របន្លែ ផ្លែឈើ និងត្រីសាច់ក្នុងស្រុកឲ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ និងចូលរួមគាំទ្រផលិតផលជាតិ។
លោក សេង ពិចិត្រ បានលើកឡើងថា ដើមទងនៃកិច្ចសហការរៀបចំពិព័រណ៍នេះឡើង ក្នុងគោលបំណង ដើម្បីជំរុញទីផ្សារដល់កសិករ ពិសេសបន្លែ និងផ្លែឈើសុវត្ថិភាព។ គម្រោងរបស់អង្គការគ្រីស៊ុត គឺចង់ណែនាំដល់កសិករដាំបន្លែសុវត្ថិភាព និងជួយរកទីផ្សារ លុបបំបាត់ភាពក្រីក្រ។ ក្នុងពិព័រណ៍នេះ ក៏ជាឱកាសឲ្យកសិករអាចដឹងពីទីផ្សារថ្មីៗ ដើម្បីត្រៀមរៀបចំផែនការដាំដុះ នាឆ្នាំក្រោយៗទៀតផងដែរ៕