(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ រួមពុទ្ធបរិស័ទ ឧបាសក ឧបាសិកា និងអាចារ្យគណៈកម្មការវត្តសូត្រមន្តអង្គកឋិនទានប្រមូលបច្ច័យកសាង សាលាឆ័នវត្តឌួងសុរិយា ហៅវត្តក្តីដូង រសៀលថ្ងៃសៅរ៍ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកស្រីបញ្ជាក់ថា កឋិនទានគឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បាន តាមចិត្តនោះឡើយគឺរយៈកាលទទួលកឋិនទានក្តី និងរយៈកាលធ្វើកឋិនទានក្តីអាចធ្វើបានក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។
លោកស្រី ឃួន ឃុនឌី សូមអំពាវនាវសប្បុរសជនចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីសាងសង់សាលាឆ័ននេះឲ្យបានរួចរាល់ជាស្ថាពរ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕
តាមការបញ្ជាក់ពីព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា ហៅវត្តក្ដីដូង និងជាធម្មធរមន្ត្រីសង្ឃស្រុកកំពង់ស្វាយបានឲ្យដឹងថា សាលាឆ័នថ្មីមានបណ្តោយ ៤៧ ម៉ែត្រ ទទឹង ៣៥ ម៉ែត្រ និងកម្ពស់ ១២ ម៉ែត្រ សាលាឆ័ននេះសាង់សង់មិនទានរួចរាល់ទេដោយនៅខ្វះជញ្ជាំង ក្រាលការ៉ូ ថ្នាំលាប ពិដាន និងគំនូរជាដើម៕