(ព្រះវិហារ)៖ នៅក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរមណីយដ្ឋានទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំស្តង់ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បើកឱកាសឱ្យប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្តអាចឆ្លើយសំណួរយករង្វាន់មួកសុវត្ថិភាព និងអាវយឺតដ៏ស្រស់ស្អាត។
ពិធីប្រណាំងទូកនៅខេត្តព្រះវិហារ ត្រូវបានរៀបចំធ្វើឡើងរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយឡែក នៅថ្ងៃដំបូងនៃពិធីប្រណាំងទូកនេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់៖
* សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ៣០ក្បាល
* សៀវភៅ «អ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង» ចំនួន ៤៥០ក្បាល
* ខិត្តបណ្ណ «អ្វីដែលអ្នកបេីកបរត្រូវយល់ដឹង» ចំនួន ៤៥០សន្លឹក
* ស្ទីកឃ័រ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ចំនួន ១០សន្លឹក
* ស្ទីកឃ័រចំណាំងផ្លាត (ពណ៌ក្រហម) ចំនួន ២០០សន្លឹក
* ស្ទីកឃ័រចំណាំងផ្លាត (ពណ៌លឿង) ចំនួន ២០០សន្លឹក។
* អាវយឺត (រង្វាន់លេីកទឹកចិត្ត) ចំនួន ១០អាវ
* មួកសុវត្ថិភាពចំនួន ១០មួក។
ដោយឡែក សម្រាប់ថ្ងៃស្អែកទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ ហើយជាថ្ងៃបញ្ចប់នោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានត្រៀមអាវយឺតចំនួន១០អាវ មួកសុវត្ថិភាពចំនួន១០មួក សម្រាប់ប្រគល់ជូនប្រជាពលរដ្ឋដែលបានឆ្លើយសំណួរទាក់ទងពីច្បាប់ចរាចរណ៍ផ្លូវគោកបានត្រឹមត្រូវ ដូច្នេះថ្ងៃបញ្ចប់នៃការប្រណាំងទូកស្អែកនេះ សូមប្រជាពលរដ្ឋចូលឆ្លើយសំណួរនៅស្តង់មន្ទីរសារធារណការ ដើម្បីយករង្វាន់ទាំងនេះ៕