(កោះកុង)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង និងលោកស្រី ហ៊ឹម ច្រឹប តំណាងលោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញដង្ហែអង្គកឋិនទានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តចន្ទមុន្នីរាម ហៅវត្តអណ្ដូងទឹក ស្ថិតនៅក្នុងឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ដែលប្រមូលបច្ច័យបានជាង៣០លានរៀល និងស៊ីម៉ង់១០តោន ដើម្បីប្រគេនដល់ព្រះសង្ឃសម្រាប់កសាងព្រះវិហារនៅវត្តចន្ទមុន្នីរាម។
ពិធីដង្ហែអង្គកឋិនទាននេះ ក៏មានការចូលរួមពីលោកស្រី លឹម ពេជ្រសា លោកស្រី គឹម វុឌ្ឍាវី ព្រមទាំងអាជ្ញាធរដែនដីប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានថ្លែងថា បច្ចុប្បន្នដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តពីសម្ដេចតេជោហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសបានប្រព្រឹត្តធ្វើបុណ្យទៅតាម ទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនារៀងៗខ្លួន។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុខសន្តិភាពឲ្យបានគង់វង្សជានិរន្តន៍ យើងទាំងអស់ត្រូវតែការពារសុខសន្តិភាព ដែលមានស្រាប់ ហើយខិតខំអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងចូលរួមឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយលុបបំបាត់រាល់បទល្មើសនានាក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងក្រុមការងារបានចុះពិនិត្យមើលព្រះវិហារ ដែលកំពុងកសាងនៅវត្តចន្ទមុន្នីរាម ហៅវត្តអណ្ដូងទឹកផងដែរ៕