(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតជូនលោក Prof. Dr. Max Gasssmann សមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម (Smiling Gecko) និងក្រុមការងារចូលជួបពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ និងរាយការណ៍អំពីសកម្មភាព និងសមិទ្ធផលការងាររបស់អង្គការកន្លងមក ព្រមទាំងស្នើសុំការគាំទ្ររបស់លោករដ្ឋមន្រ្តីលើគម្រោងវគ្គបណ្តុះបណ្តាលមុខជំនាញបដិសណ្ឋារកិច្ចកម្រិតខ្ពស់។
លោករដ្ឋមន្ត្រីបានកោតសរសើរ វាយតម្លៃខ្ពស់ និងគាំទ្រចំពោះការចូលរួមចំណែករបស់អង្គការ ក្នុងការជួយផ្តល់នូវការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចកម្រិតខ្ពស់ដល់យុវជនកម្ពុជា និងឯកភាពឱ្យពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់រវាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ជាមួយសាកលវិទ្យាល័យ Zurich (UZH) និងសាកលវិទ្យាល័យ The University of Applied Science (ZHAW) ព្រមទាំងឯកភាពសហការគ្នាផ្តល់នូវកម្មវិធីសិក្សាថ្មីមួយបែបទៀត ដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងទេសចរណ៍ ដើម្បីផ្សារភ្ជាប់នូវគុណភាព និងលើកកម្ពស់សមត្ថភាពតាមរយៈការផ្តល់យោបល់ ពីសាកលវិទ្យាល័យ Zurich (UZH)។
ទន្ទឹមនឹងនេះ អង្គការនឹងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរ គ្រូពីក្រៅប្រទេស ដើម្បីចែករំលែកនូវបទពិសោធ និងចំណេះដឹងថ្មីៗសម្រាប់បណ្តុះបណ្តាលនិស្សិត ដែលកំពុងសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងទេសចរណ៍ និងជាឱកាសក្នុងការដកស្រង់បទពិសោធផ្ទាល់ នៅតាមរីស៊តរបស់អង្គការ (Smiling Gecko)៕