(ភ្នំពេញ)៖ សម រង្ស៊ី បានបង្ហាញនូវនយោបាយកាន់តែអស់សង្ឃឹម តាមរយៈការបង្កើតចលនាតស៊ូលើ ទឹកដីសហរដ្ឋអាមេរិក។ រដ្ឋាភិបាលក្រុងវ៉ាស៊្ហីនតោន និងរាជរដ្ឋាភិបាលក្រុងភ្នំពេញធ្លាប់បានធ្វើកិច្ចសហការបង្ក្រាបចលនាតស៊ូមួយឈ្មោះ CFF Cambodian Freedom Fighters ដែលទីតាំងក្នុងរដ្ឋកាលីហ្វ័រនីញ៉ា និងតុលាការអាមេរិកក៏បានបផ្តន្ទាទោសដាក់គុកមេខ្លោង CFF ឈ្មោះ ឈុន យ៉ាសិទ្ធ នោះជាប់ទោសអស់មួយជីវិតរហូតមកទលបច្ចុប្បន្ននេះដែរ។

តើចលនាតស៊ូ បង្កើតលើទឹកដីអាមេរិក នឹងមានវាសនាដូចចលនាCFF របស់ឈុន យ៉ាសិទ្ធ ដែរឬទេ? Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅ៖

អស់ពីព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលជម្រុញឱ្យខ្មែរយកគំរូតាមព្រឹត្តិការណ៍តវ៉ានៅហ្វីលីពីន ឆ្នាំ១៩៨៦ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសបង្កើតអំពើញុះញង់ថ្មី ដោយយកគំរូមួយពីប្រទេសផ្សេងទៀត។

គំរូថ្មីមួយនោះ គឺយកតាមលំនាំបដិវត្តន៍ Gen Z. ដូចអ្វីធ្លាប់កើតឡើងក្នុងប្រទេសបង់ក្លាដេស្ហ បន្ទាប់ពីគំរូញុះញង់តាមលំនាំនៅហ្វីលីពីននោះ មិនត្រូវបានទទួលជោគជ័យឡើយ។

* តើការបង្កើតចលនាតស៊ូនោះ នឹងនាំឱ្យអ្នកលង់ឧបាយកល រងគ្រោះថ្នាក់ដែរឬទេ?
ឧបាយកលនាំមនុស្សឈានទៅប្រព្រឹត្តសកម្មភាពខុសច្បាប់ នឹងធ្វើឱ្យមនុស្សដែលអាចផុងខ្លួនលើចលនាតស៊ូនោះ នឹងជួបប្រទះនូវវាសនាដូចជាមេក្រុម CFF Cambodian Freedom Fighters ឈ្មោះ ឈុន យ៉ាសិទ្ធ ដែលតុលាការសហរដ្ឋអាមេរិក ក្រោមកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបានផ្តន្ទាទោសមេខ្លោង CFF នោះដាក់គុកអស់មួយជីវិតនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ ប៉ុន្តែមុននឹងឈានដល់ចំណុចនេះគេត្រូវស្វែងយល់អំពីល្បិចកល សម រង្ស៊ី ដែលចេះចង់តែឱ្យពលរដ្ឋខ្មែរស្លាប់ក្រោមឧបាយកលដ៏ពិសពុលរបស់ខ្លួនសិន។ គេនៅចាំបានថាប្រមាណ៥ឆ្នាំមុននេះ ដើម្បីតែចង់ឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មីឡើងវិញ សម រង្ស៊ី បានបំផុសនូវព្រឹត្តិការណ៍នៃការវិលត្រឡប់មកវិញនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ សម រង្ស៊ី បានបំផុសឱ្យពលរដ្ឋធ្វើការហ៊ានពលិជីវិតតាមគំរូប្រឆាំងមួយដែលធ្លាប់ កើតឡើងនៅក្នុងប្រទេស ហ្វីលីពីននាខែកុម្ភៈ១៩៨៦។

បាតុកម្មហិង្សាប្រឆាំងនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ក្នុងខែកុម្ភៈ ឆ្នាំ១៩៨៦នោះ បានបណ្តាលឱ្យមានបាតុករជាតិហ្វីលីពីន ស្លាប់ចំនួន៣២នាក់ ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាលលោក ម៉ាកូស។ ទណ្ឌិតសម រង្ស៊ី ពេលនោះបានស្រែកកោកៗពីខាងក្រៅប្រទេស ញុះញង់ចង់ឱ្យសកម្មជនធ្វើសកម្មភាពប្រឆាំងដូចគ្នានឹងព្រឹត្តិការណ៍ធ្វើឱ្យមនុស្សស្លាប់នៅហ្វីលីពីននោះ ដោយពូកក្រុមជ្រុលនិយមបានបំផុសនូវព័ត៌មានមិនពិតអំពីអំពើរំលោភបំពានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងព័ត៌មានបំផ្លើសជាច្រើនទៀត រួមទាំងសម្តីប្រមាថមើលងាយព្រះមហាក្សត្រ ប៉ុន្តែសកម្មភាពញុះញង់ទាំងនោះទីបំផុតបានបរាជ័យ។ តុលាការនៃប្រទេសកម្ពុជានៅក្នុងការអនុវត្តច្បាប់ បានចាប់ខ្លួន និងផ្តន្ទាទោសមនុស្សឃុបឃិតប្រមាណជិត៦០នាក់ ក្នុងអំពើញុះញង់និងការរួមគំនិតក្បត់នាពេលនោះ។

ឥឡូវនេះនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម រង្ស៊ី បានប្រកាសនូវការបង្កើតព្រឹត្តិការណ៍ថ្មីដោយ ញុះញង់ចង់ឱ្យពលរដ្ឋបះបោរប្រឆាំងរាជរដ្ឋាភិបាលសាជាថ្មីទៀត ប៉ុន្តែលើកនេះលែងយកគំរូ ពីហ្វីលីពីនទៀតហើយ ដោយបំបែរមេរៀនថ្មីដោយយកគំរូពីប្រទេស បង់ក្លាដេស្ហ ម្តង។

នៅក្នុងប្រទេសបង់ក្លាដេស្ហ ព្រឹត្តិការណ៍បដិវត្ត Gen Z. ដែលផ្តួលរំលំលោកស្រីនាយករដ្ឋមន្ត្រី Sheik Hasina នាដើមខែកក្កដា ឆ្នាំ២០២៤ មានមនុស្សស្លាប់ជាង២០០នាក់។ សម រង្ស៊ី ចង់ឃើញពលរដ្ឋខ្មែរ ស្លាប់ក្រោមល្បិចកលនយោបាយរបស់គាត់ និងបុគ្គលនេះគិតថាបើសិនជាកើតឡើងមែន វានឹងអាចជាលេសក្នុងការអាចឈានសម្រេចនូវមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែល្បិចដ៏ស្មោគគ្រោកចង់ជំរុញឱ្យមានមនុស្សស្លាប់ដោយសារតែនយោបាយលេលារបស់ខ្លួននេះ ក្រុមជ្រុលនិយមត្រូវដឹងថា គឺមិនអាចសម្រេចបានឡើយ។

* ការប្រកាសចលនាតស៊ូក្បត់ជាតិឆ្នាំ២០២៤ បានធ្វើនៅចំថ្ងៃទី៩ វិច្ឆិកា
សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំថ្ងៃដែលមានទិវាបុណ្យឯករាជ្យជាតិលើកទី៧១ បាន ប្រកាសនូវផែនការក្បត់ជាតិបង្កើតចលនាតស៊ូ៥ចំណុច។ នេះជាទង្វើក្បត់ហើយក្បត់ទៀតប្រឆាំងនឹងប្រទេសកម្ពុជា និងប្រជាជាតិខ្មែរខ្លួនឯង។

សេចក្តីប្រកាសនៃផែនការក្បត់បានសរសេរថា ចលនាតស៊ូនេះឈានទៅបង្កើតក្រុមប្រឹក្សាជាតិតស៊ូ ហើយក្រុមប្រឹក្សាជាតិតស៊ូនោះនឹងឈានទៅការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយការប្រកូកប្រកាសបង្កើតចលនាតស៊ូតាមរយៈក្រដាសមួយសន្លឹក ដែលគ្មានអាស័យដ្ឋានបញ្ជាក់ទីតាំងពិតប្រាកដច្បាស់លាស់ និងថែមទាំងគ្មានបង្ហាញឈ្មោះមនុស្សចូលរួមសោះនោះទៀត គឺគ្រាន់តែជានយោបាយ បោះសន្ទូច ដើម្បីមើលប្រតិកម្មត្រីតែប៉ុណ្ណោះ។ តើសន្ទូចរបស់ សម រង្ស៊ី មានត្រីចឹកនុយស៊ីដែរ ឬទេ? ហើយបើសិនជាមាន តើចលនាតស៊ូនោះមែនវានឹងអាចមានវាសនាដូចជា ឈុន យ៉ាសិទ្ធនៃមេក្រុម CFF Cambodian Freedom Fighters ជាមិនខានឡើយ។

* ហេតុអ្វីបានជា សម រង្ស៊ី មិនបង្កើតចលនាតស៊ូនេះ ក្នុងប្រទេសបារាំង?
សម រង្ស៊ី ដែលសញ្ជាតិបារាំង មិនដែលត្រូវបានរដ្ឋាភិបាលបារាំង គាំទ្រនូវនយោបាយជួរជាតិ របស់គាត់ឡើយ។ សម រង្ស៊ី មិនហ៊ានប្រកាសចលនាតស៊ូនេះ នៅលើទឹកដីបារាំងរបស់ខ្លួនទេ ដោយខ្លាចក្រែងមានទោសទណ្ឌ ប៉ះពាល់ដល់ច្បាប់សាធារណរដ្ឋបារាំង។ ប៉ុន្តែមូលហេតុដែល សម រង្ស៊ី ប្រកាសការបង្កើតចលនាតស៊ូ លើទឹកដីអាមេរិកនេះ គឺជាការច្បាស់លាស់មួយដែលបង្ហាញថា បើសិនជាមានរឿងរ៉ាវផ្លូវច្បាប់ណាមួយកើតឡើង គឺអ្នកសមគំនិតបង្កើតរឿង រ៉ាវខុសច្បាប់ដែលរស់នៅលើទឹកដីអាមេរិកនោះទេ ដែលនឹងទទួលផលវិបាកនោះគឺមិនមែន សម រង្ស៊ី ដែលមានសញ្ជាតិបារាំងឡើយ។ ម្យ៉ាងទៀតយោងតាមសេចក្តីប្រកាសលើក្រដាសមួយសន្លឹកដោយ សម រង្ស៊ី នោះបានបង្ហាញថាទីតាំងពិតប្រាកដនៃការបង្កើតចលនាតស៊ូ លើទឹកដីសហរដ្ឋអាមេរិកនោះនៅមិនទាន់បញ្ជាក់ច្បាស់លាស់ និងតើឈ្មោះខ្មែរអាមេរិកាំងណាខ្លះ ដែលនឹងត្រូវជាប់ពាក់ព័ន្ធលើការបង្កើតចលនាតស៊ូខុសច្បាប់នៅលើទឹកដីសហរដ្ឋអាមេរិកនេះដែរ។

គេនៅចាំបានថា នៅលើទឹកដីសហរដ្ឋអាមេរិកនេះ ក៏ធ្លាប់មានមនុស្សមួយក្រុមដឹកនាំដោយ ឈ្មោះ Chhun Yasith ខ្មែរសញ្ជាតិអាមេរិកបង្កើតក្រុម CFF Cambodian Freedom Fighters នាថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៩៨។ ទីតាំងពិតប្រាកដរបស់ក្រុម CFF របស់ ឈុន យ៉ាសិទ្ធ នាពេលនោះគឺស្ថិតក្នុងក្រុង Long Beach រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ប៉ុន្តែក្រោមច្បាប់របស់ សហរដ្ឋអាមេរិកដែលមានកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានោះ ចលនាតស៊ូ CFF Cambodian Freedom Fighters ត្រូវបានរលាយអស់ទាំងស្រុង គ្រាដែលរាជរដ្ឋាភិបាលខ្មែរ ក៏បានចេញដីកាតាមចាប់អន្តរជាតិឈ្មោះ ឈុន យ៉ាសិទ្ធ នាពេលនោះ។ ឈុន យ៉ាសិទ្ធ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ ត្រូវបានតុលាការអាមេរិកកាត់ទោសពីបទរួម គំនិតធ្វើរដ្ឋប្រហារមិនបានសម្រេចដាក់លើរាជរដ្ឋាភិបាលកម្ពុជានៅក្នុងឆ្នាំ២០០០។ ឈុន យ៉ាសិទ្ធ ត្រូវបានតុលាការក្នុងក្រុង Los Angeles សម្រេចដាក់គុកអស់មួយជីវិតនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១០។

* តើអនាគតរបស់ចលនាតស៊ូ ប្រកាសដោយ សម រង្ស៊ី លើទឹកដីអាមេរិក នឹងជួបវាសនាដូចចលនា CFF ដែរឬទេ?
សម រង្ស៊ី គឺជាពលរដ្ឋសញ្ជាតិបារាំង និងបុគ្គលរូបនេះ មិនហ៊ានបង្កើតចលនាតស៊ូខុសច្បាប់នេះ នៅលើទឹកដីបារាំងឡើយ ដោយខ្លាចក្រែងច្បាប់បារាំងដាក់ទោសរូបគាត់ ប៉ុន្តែបើការប្រកាសចលនាធ្វើនៅក្នុងសហរដ្ឋអាមេរិកវិញ គឺបុគ្គលនេះនៅតែរួចខ្លួនពីសំណាញ់ច្បាប់សហរដ្ឋអាមេរិកជាដដែល។

កម្ពុជាក្រោយការរៀបចំបោះឆ្នោតសកលលើកដំបូងខែឧសភា ឆ្នាំ១៩៩៣ ក្រោមការរៀបចំ និងត្រួតពិនិត្យដោយអង្គការសហប្រជាជាតិនោះមក រាជរដ្ឋាភិបាលស្របច្បាប់មួយស្របតាមទម្រង់លទ្ធិប្រជាធិបតេយ្យត្រូវបានបង្កើតឡើង ច្បាប់រដ្ឋធម្មនុញ្ញថ្មីរបស់ជាតិត្រូវបានតាក់តែង ដោយមានការទទួលស្គាល់និងការគោរពអធិបតេយ្យភាពកម្ពុជាពីបណ្តាប្រទេសលើពិភពលោក។ ដូច្នេះការបង្កើតចលនាតស៊ូ និងរដ្ឋាភិបាលនិរទេសដែលផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺជាអំពើខុសច្បាប់ និងរាជរដ្ឋាភិបាលកម្ពុជា ពិតជានឹងមិននៅស្ងៀមបណ្តោយឱ្យមានក្រុមក្បត់នៅក្រៅប្រទេសធ្វើអំពើលេលាទាំងនេះបានឡើយ។

ដោយសារតែបទពិសោធន៍នៃកិច្ចសហការរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ក្រាបនូវចលនាតស៊ូរបស់ក្រុម CFF Cambodian Freedom Fighters របស់ ឈុន យ៉aសិទ្ធ បានរួចទៅហើយគេរំពឹងថាចលនាតស៊ូ ឈានរកការបង្កើតរដ្ឋាភិបាលនិរទេសលើទឹកដីសហរដ្ឋអាមេរិកនេះ គង់តែនឹងមានវាសនាដូចក្រុមក្រុម CFF របស់ឈុន យ៉ា សិទ្ធដូចគ្នា។ តាមពិតលទ្ធផលឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ កំពុងតែធ្វើឱ្យបុគ្គល សម រង្ស៊ី កាន់តែលេលា លែងស្គាល់ទិសតំបន់អ្វីទៀតហើយ។

អ្នកលង់ខ្លួនក្រោមនយោបាយជ្រុលនិយមទាំងឡាយ! ត្រូវយល់ថា គ្មានប្រទេសណាគ្មានសហគមន៍បរទេសណា ដែលគាំទ្រឱ្យមានការបង្កើតចលនាតស៊ូលើទឹកដីរបស់គេ ដើម្បីធ្វើការប្រឆាំងនឹងប្រទេសមួយ ដែលជាសមាជិកស្របច្បាប់របស់អង្គការសហប្រជាជាតិនោះទេ។ វាជាអំពើខុសច្បាប់ទាំងស្រុង និងការលង់ខ្លួនក្រោមនយោបាយជ្រុលនិយមចង់បំផ្លាញប្រទេសខ្មែរខ្លួនឯងនោះ នឹងមិនអាចចៀសផុតរួចពីសំណាញ់ច្បាប់បានឡើយ។

គេមិនត្រូងលង់ជឿសម្តីរបស់ សម រង្ស៊ី នោះទៀតឡើយ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់បានប្រកាសហើយថា សម្តេចនឹងទទួលបងប្អូនទាំងឡាយណាទាំងអស់ ដែលចាកចេញពីជួរក្រុមជ្រុលនិយមមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលបច្ចុប្បន្នលើកលែងតែទណ្ឌិត សម រង្ស៊ី តែម្នាក់ប៉ុណ្ណោះ៕